កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)និងបានចេញសេចក្តីប្រកាសរួម

(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)នៅរសៀលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៥នេះភាគីកម្ពុជា- ថៃ បានចុះហត្ថលេខាលើកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)។

គួរបញ្ជាក់ថា កិច្ចប្រជុំ JBC នាថ្ងៃទី២នេះ ប្រធាន នៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ បើកកិច្ចប្រជុំចង្អៀតចាប់ពីម៉ោង ១០.០០ ដល់ ១៤.០០ ដើម្បីពិភាក្សាលើការចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំរួមគ្នាដែលមានបញ្ហាត្រូវពិភាក្សារយៈពេលប្រហែល ៤ ម៉ោង ប៉ុន្តែគេមិនត្រូវបានគេបង្ហើបឱ្យដឹងអំពីបញ្ហាដែលត្រូវពិភាក្សានោះទេ។

បន្ទាប់មក ប្រធាន JBC កម្ពុជា និងថៃ បានចេញពីបន្ទប់ប្រជុំចង្អៀតទៅបន្ទប់ប្រជុំធំ នាសណ្ឋានគារ សូហ្វីតែលរាជធានីភ្នំពេញដើម្បីចុះហត្ថលេខានៅម៉ោង ២,១០ រសៀលថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២៥នេះ។ បន្ទាប់ពីចុះហត្ថលេខា ភាគីទាំងសងខាងបានជូនវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក ផឹកស្រាសំប៉ាញដើម្បីអបអរ និងថតរូបជាអនុស្សាវរីយ៍។ បន្ទាប់មកនៅម៉ោង២,២០នាទីរសៀល មេដឹកនាំនៃគណៈប្រតិភូ JBC ពីភាគីទាំងពីរបានចាកចេញពីសណ្ឋាគារកិច្ចប្រជុំ។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាន បញ្ជាក់ប្រាប់ថា កិច្ចប្រជុំរយៈពេលពីរថ្ងៃបានដំណើរការយ៉ាងរលូន។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងកម្ពុជានៅតំបន់មុំបី ខេត្តព្រះវិហារ ដោយទាហានថៃបានលួចបាញ់មកលើកងទ័ពកម្ពុជាកំពុងឈរជើងនៅតំបន់ព្រំដែន ហើយបណ្តាលឲ្យទាហ៊ានខ្មែរម្នាក់ស្លាប់។ក្រោយមកភាគីថៃបានធ្វើការបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគីដោយមិនបានជូនដំណឹងដល់កម្ពុជាឲ្យបាមដឹងមុននោះឡើយ។

នៅរសៀលថ្ងៃដដែលនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានចេញសេចក្តីប្រកាសរួមពីការ ឯកភាពអនុម័តលើរបៀបវារៈចំនួន៤រួមគ្នាជាមួយសមភាគថៃដែលមាន ដូចខាងក្រោម៖ ទី១. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
ទី២. ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)
ទី៣. ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់) ទី៤. ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner