កូរ៉េខាងត្បូងនឹងដាក់ទោសពលរដ្ឋខ្លួនបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានដាក់ចេញបទបញ្ជាមួយ ក្នុងគោលបំណងទប់ស្កាត់ និងដាក់ទណ្ឌកម្មជនទាំងឡាយណា ដែលបង្ហោះប៉េងប៉ោងផ្ទុកខិត្តប័ណ្ណរិះគន់កូរ៉េខាងជើង និងរបបដឹកនាំលោក គីម ជុងអ៊ុន។

អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Kang Yu-jung បាននិយាយនៅក្នុងសន្និសុទកាសែតមួយថា រដ្ឋាភិបាលបានទទួលរបាយការណ៍ថា មានពលរដ្ឋមួយក្រុមបានបង្ហោះខិត្តប័ណ្ណតាមប៉េងប៉ោងយ៉ាងអាណាធិបតេយ្យ ឆ្លងព្រំដែនអន្តរកូរ៉េ ចូលទៅក្នុងទឹកដីកូរ៉េខាងជើងកាលពីព្រឹកថ្ងៃសៅរ៍។

លោកស្រី Kang បន្ថែមថា ក្រុមពលរដ្ឋ និងបុគ្គលដែលហោះហើរខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងនៅតាមព្រំដែនមុនថ្ងៃនោះ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Lee នៅតែប្រកាន់គោលជំហរថា ការបង្ហោះ និងចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងដោយខុសច្បាប់ គួរតែត្រូវបានបញ្ឈប់ ព្រោះវាអាចប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ និងសុវត្ថិភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែន ពិសេសបង្កើនភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ។

បើតាមលោកប្រធានាធិបតី Lee បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធទាំងអស់ បង្កើតវិធានការទប់ស្កាត់ និងដាក់ទណ្ឌកម្មលើជនឡាំងឡាយណា ដែលចែកចាយខិត្តប័ណ្ណ ដោយលោកគ្រោងនឹងពិភាក្សាអំពីវិធានការដ៏ទូលំទូលាយប្រឆាំងនឹងបញ្ហានេះ នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner