មន្រ្តីរដ្ឋបាលខេត្តស្វាយរៀងជំរុញមន្រ្តី​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង លើការងារបណ្ដុះបណ្ដាល

ស្វាយរៀង​៖អញ្ជើញចូលរួមក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥​ក្រោមប្រធានបទ “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” នាព្រឹកថ្ងៃទី១៥ ខែមិថុនា លោក សេង សិលា អភិបាលរងខេត្តស្វាយរៀងបាន​ជំរុញដល់វិទ្យាស្ថានពហុបច្ចេក​ទេស​ភូមិភាគតេជោសែ​នស្វាយ​រៀងឱ្យ​ខិតខំបន្តជ្រើសរើសសិស្ស​ចូលរៀនគ្រប់កម្រិតសិក្សា ជាពិសេស កម្មវិធីបណ្តុះ​បណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស១.៥លាននាក់  លើក្រុមគោលដៅមកពីគ្រួសារ​មានបណ្ណសមធម៌ និងគ្រួសារ​ងាយ​រងហានិភ័យ។

ក្នុងឋានៈតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក សេង សិលា ក៏បានផ្តាំផ្ញើដល់វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀងខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យ​ស្របតាមបច្ចេក​វិទ្យា​ដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។ខិតខំ​បណ្តុះបណ្តាលដល់សិក្ខាកាម ឱ្យ​មាន​សមត្ថភាពជំនាញគ្រប់គ្រាន់ និង​មានសីលធម៌ គុណធម៌។ពង្រីកវិសាលភាពរបស់ខ្លួនដើម្បី​សិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គ​បណ្តុះ​បណ្តាល មាន​កន្លែងកម្មសិក្សា និងការងារធ្វើ។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ​សែន​ស្វាយរៀងបានឱ្យថា ក្រោយការប្រកាសដាក់​ចេញនូវកម្មវិធីប​ណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ ដល់គ្រួសារ​ក្រីក្រ និងគ្រួសារងាយ​រងហានិភ័យ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនរៀង បានធ្វើការប្រកាសជ្រើសរើស​តាមគ្រប់រូបភាព និងចុះជ្រើសរើសតាមបណ្តាឃុំសង្កាត់ ចុះតាមផ្ទះ ព្រមទាំងមានការ​ប្រជុំរួមនៅតាម​បណ្តាក្រុង​ស្រុកផងដែរ។ វិទ្យាស្ថានបានកំណត់យកវិស័យចំនួន៥ លើមុខជំនាញចំនួន៧គឺ ជំនាញការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុងអគារ ,ជំនាញសេវាកម្មបរិក្ខារ​ត្រជាក់ក្នុងគេហដ្ឋាន ,ជំនាញសេវាកម្មថែទាំ និងជួសជុលរថយន្ត ,ជំនាញជួសជុល និងថែទាំបរិក្ខារអេឡិចត្រូនិក, ជំនាញសម្អាងការ ,ជំនាញសេវាកម្មកុំព្យូទ័រ ជំនាញថែទាំ និងដំឡើងកាមេរ៉ា​សុវត្ថិភាព។ ចាប់តាំងពីផ្តើមដំណើរការជ្រើសរើសសិស្សចូលរៀនមក រហូតដល់​ពេលនេះមានសិស្សដាក់​ពាក្យចូល​រៀន​សចំនួន២.០៣១នាក់ ក្នុងនេះក្រុមគោលដៅមានចំនួន៧១៣នាក់។ វិទ្យាស្ថាននឹងបន្តជ្រើសរើស​សិស្ស​តាម​ជំហានៗ និងខិតខំអនុវត្តឱ្យ​អស់ពីសមត្ថភាព លទ្ធភាព ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”។

សូមជម្រាបថា ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ ,មានរោងចក្រសហគ្រាស​តូចធំ​ចំនួន១ ០២៥ កន្លែង  បានបង្កើត​ការងារជូនចំនួន ១៣១,៤៥៣នាក់( ស្រី​៧៦,៨៤១នាក់) ។បច្ចុប្បន្ន​តំបន់សេដ្ឋកិច្ច​ពិសេស​នានា​ក្នុងខេត្ត ក៏ត្រូវការកម្មករប្រមាណ២៦ ០៤៤នាក់បន្ថែមទៀត។

តបនឹងតម្រូវការលោកអភិបាលរងខេត្តបានជំរុញឱ្យយកចិត្តទុកដាក់ចំពោះអ្នកចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងដែលអាចវិលត្រឡប់មកវិញ បានធ្វើការងារតាមបណ្ដារោងចក្រនានាក្នុងខេត្តដែលកំពុង​ត្រូវការ៕
ដោយ៖នុត នាង

ads banner