ក្រសួងបរិស្ថានចូលរួមក្នុង ពិព័រណ៍ ធីវេត ដើម្បីផ្សព្វផ្សាយការងារបរិស្ថាន និងចក្ខុវិស័យកម្ពុជាស្អាត និងបៃតង
ភ្នំពេញ៖ក្រសួងបរិស្ថានបានចូលរួមដាក់តាំងបង្ហាញសមិទ្ធផលការងារក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ និងសាងក្តីសង្ឃឹមដល់យុវជន»។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនជាច្រើន។

ស្នាដៃ និងសមិទ្ធផលជាច្រើនរបស់ក្រសួងបរិស្ថានក្នុងអាណត្តិទី៧ ដោយមានការសហការរៀបចំពីអគ្គនាយកដ្ឋានជំនាញចំណុះក្រសួងបរិស្ថានដែលត្រូវបានដាក់បង្ហាញមានដូចជា សម្ភារៈ ឧបករណ៍បច្ចេកទេស សៀវភៅ ឯកសារ លិខិតបទដ្ឋានគតិយុត្តិ ផលិតផលសហគមន៍មូលដ្ឋាន និងសកម្មភាពជាច្រើនទៀត។ គោលបំណងសំខាន់គឺដើម្បីផ្សព្វផ្សាយ យុទ្ធសាស្ត្រនៃភាពស្អាត ភាពបៃតង និងចីរភាព ដល់សិស្ស និស្សិត និងសាធារណជនទាំងអស់ឱ្យស្វែងយល់កាន់តែទូលំទូលាយ។

ក្នុងឱកាសនេះក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដឹកនាំរៀបចំ ក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលជាស្នាដៃដ៏មានតម្លៃសម្រាប់វិស័យនេះ។

បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងបានដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្រនេះមានគោលបំណងចង្អុលបង្ហាញការងារអាទិភាពដើម្បីធានាចីរភាពបរិស្ថាន និងសុក្រិតកម្មបរិស្ថានកិច្ច សំដៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ កម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
ដោយ ៖ ង៉ាន់ ទិត្យ

