កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមការងាររួមនៃឧត្តមមន្ត្រីឌីជីថលអាស៊ាន-ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ឆ្នាំ២០២៥”

(ខេត្តសៀមរាប)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមការងាររួមនៃឧត្តមមន្ត្រីឌីជីថលអាស៊ាន-ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ឆ្នាំ២០២៥” — The 2025 ASEAN Digital Senior Officials’ Meeting and ASEAN Telecommunications Regulators’ Council (ADGSOM – ATRC) Joint Working Group and Related Meetings with Dialogue and Development Partners រយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះជាកិច្ចប្រជុំកម្រិតបច្ចេកទេសដ៏សំខាន់ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យប្រទេសសមាជិកអាស៊ានជួបជុំពិនិត្យលើវឌ្ឍនភាពការងារ ADGSOM-ATRC ពិភាក្សាពីការលើកសំណើគម្រោងរបស់បណ្តាប្រទេសសមាជិកអាស៊ានពាក់ព័ន្ធនឹងវិស័យឌីជីថល។ បន្ថែមពីនេះ កិច្ចប្រជុំនេះក៏ជាវេទិកាមួយដែលអនុញ្ញាតឱ្យប្រទេសសមាជិកអាស៊ានជួបពិភាក្សាពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធវិស័យឌីជីថល ជាមួយប្រទេសដៃគូសន្ទនា និងអង្គការអន្តរជាតិមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍នៅក្នុងក្របខណ្ឌឌីជីថលអាស៊ានដែលរួមមានជប៉ុន ចិន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ឥណ្ឌា សហព័ន្ធរុស្ស៊ី សហភាពអឺរ៉ុប សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក សហភាពទូរគមនាគមន៍អន្តរជាតិ និងធនាគារពិភពលោក។

កិច្ចប្រជុំនេះជាវេទិកាដ៏សំខាន់មួយសម្រាប់ការជំរុញការអនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥ (ADM-25) និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រក្នុងការរៀបចំបទប្បញ្ញត្តិឌីជីថល បច្ចេកវិទ្យាទំនើប និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ គណៈប្រតិភូនៅក្នុងកិច្ចប្រជុំនេះក៏បានពិនិត្យរួមគ្នាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួន ២១ ក្រោមវដ្តការងារឆ្នាំ២០២៥ និងបានពិភាក្សាលើសំណើគម្រោងសម្រាប់វដ្ដការងារឆ្នាំ២០២៦ បន្តពីកិច្ចប្រជុំឧត្តមមន្ត្រីឌីជីថលអាស៊ាន-ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ានលើកទី១ ឆ្នាំ២០២៥ ដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងកិច្ចប្រជុំ ក៏មានការពិភាក្សាទៅលើសំណើរបស់កាណាដាដែលមានបំណងក្លាយជាដៃគូសន្ទនាផ្លូវការនៅក្នុងក្របខណ្ឌកិច្ចប្រជុំ ADGSOM-ATRC ផងដែរ៕

ដោយ ៖

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner