ហ្វីលីពីនទិញយន្តហោះចម្បាំងកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងជាមួយចិន
ម៉ានីល ៖ ហ្វីលីពីនបានទិញយន្តហោះចម្បាំងធុនស្រាល FA-50 Block 70 ចំនួន ១២គ្រឿងពីក្រុមហ៊ុនកូរ៉េខាងត្បូង Korea Aerospace Industries, Ltd. (KAI) ដែលនេះជាផ្នែកមួយនៃកម្មវិធីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធហ្វីលីពីន។
ក្រសួងការពារជាតិហ្វីលីពីនបានឲ្យដឹងថា កិច្ចសន្យាទិញយន្តហោះចម្បាំង ដែលមានតម្លៃជាង ៧០០លានដុល្លារនេះ ត្រូវបានធ្វើឡើងជាផ្លូវការកាលពីដើមខែនេះ។
យោងតាមក្រសួងការពារជាតិហ្វីលីពីន ក្រៅពីការទិញយន្តហោះចម្បាំង ទីក្រុងម៉ានីលក៏បានទិញឧបករណ៍បេសកកម្ម, ជំនួយផ្នែកដឹកជញ្ជូនរួមបញ្ចូលគ្នា, ប្រព័ន្ធព័ត៌មានបណ្តុះបណ្តាល និងភស្តុភារផងដែរ។
យន្តហោះចម្បាំង FA-50 Block 70 តំណាងឱ្យការវិវត្តន៍ចុងក្រោយបំផុតនៃត្រកូលយន្តហោះចម្បាំង FA-50 ដែលមានលក្ខណៈពិសេស ឆ្លើយតបផ្នែកអាកាសចរណ៍ទំនើប និងប្រព័ន្ធរ៉ាដាទំនើប ពិសេសលើកកម្ពស់ប្រតិបត្តិការប្រយុទ្ធ។
ក្រសួងការពារជាតិហ្វីលីពីន បានឲ្យដឹងទៀតថា ការដឹកជញ្ជូនយន្តហោះចម្បាំង ដែលបានបញ្ជាទិញ នឹងត្រូវធ្វើឡើងជាដំណាក់កាលបន្តបន្ទាប់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយរំពឹងថានឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០៣០៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា