ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលមន្រ្តីនិងសមាជិកគណបក្សប្រជាជនខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖គណបក្សប្រជាជនខេត្តកំពង់ស្ពឺបានរៀបចំពិធីជួបជុំ និងពិសាអាហាសាមគ្គីក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំ មន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជាច្រើនពាន់នាក់។

ក្នុងឱកាសនៃជំនួបកាលនៅចុងសប្ដាហ៍នេះឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍អរគុណចំពោះប្រធាន-អនុប្រធាន ក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកំពង់ស្ពឺ ចុះជួយក្រុង-ស្រុក ចុះជួយឃុំ សង្កាត់-ភូមិរបស់គណបក្សប្រជាជន ដែលបានធ្វើការដោយទំនុកចិត្ត ថែមទៀតផ្តល់ភាពកក់ក្តៅធ្វើឱ្យបងប្អូននៃគណបក្សដទៃសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជន ចំនួន៤ ១២៦នាក់ ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ស្របពេលយើងជួបជុំគ្នាសប្បាយក្អាកក្អាយយើងក៏មិនភ្លេចបញ្ហាព្រំដែន ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជួបវិបត្តិដែលត្រូវដោះស្រាយយ៉ាងចាំបាច់បំផុតដើម្បីបញ្ជៀសសង្គ្រាមដោយអាវុធ ។ ក្នុងនាមយើងមានការនឹករលឹកចំពោះវីវៈភាពយោធាការពារព្រំដែនជួរមុខកំពុងមានជម្លោះ រវាងភាគីថៃ-កម្ពុជា ។កម្ពុជាមិនមានបំណងប្រើប្រាស់កម្លាំងយោធាការពារទឹកដីទេ គឺកម្ពុជាជ្រើសរើសការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ)។ជំហរកម្ពុជាយើង “មិនឈ្លានពានយកទឹកដីប្រទេសណាសូម្បីមួយមីលីម៉ែត្រ តែកម្ពុជាក៏មិនឱ្យបាត់ទឹកដីសូម្បីតែមួយមីលីម៉ែត្រ” ដែរ។ជាងនេះមិនអនុញ្ញាតឱ្យប្រទេសដទៃណាមកប្រមាថលើកម្ពុជាបានដាច់ខាត ។
យោងរបាយការណ៍បញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រុមការងារ ពង្រឹង ពង្រីកសមាជិកគណបក្ស ដែលមកដល់ខែមិថុនា ឆ្នាំ២០២៥នេះ មានសរុប ៥០៧ ៤៨៩នាក់ (ស្រី ២៧៩ ៥៨៦នាក់) ស្មើនឹង៨១.៨១ភាគរយ ធៀបនឹងបញ្ជីឈ្មោះ បោះឆ្នោតឆ្នាំ២០២៤ ក្នុងនោះបានបញ្ចូលក្នុងប្រព័ន្ធបានចំនួន ៥០៥ ៦៧១នាក់(ស្រី២៧៨,៦៧៥នាក់) ស្មើនឹង៨១.៥២ភាគរយធៀបនឹងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ។សមាជិកជាយុវជនចំនួន ២១៨ ៥០៤នាក់ (ស្រីចំនួន ១១៥ ១០៥នាក់)៕
ដោយ៖ម៉ុន សំអាត


