អ៊ីស្រាអែលវាយអ៊ីរ៉ង់ ៣ថ្ងៃ ស្លាប់ ២២៤ នាក់
បរទេស ៖ អ៊ីរ៉ង់បានអះអាងថា អំឡុងការវាយប្រហារ របស់អ៊ីស្រាអែល ៣ថ្ងៃជាប់ៗគ្នា បានបណ្តាលឲ្យមានមនុស្សស្លាប់ ២២៤នាក់ និង របួស១,២០០នាក់ ផ្សេងទៀត។
ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបង្ហាញរបាយការណ៍នេះ កាលពីថ្ងៃអាទិត្យ ពោលគឺបន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃសុក្រមកម្ល៉េះ។
ជាការកត់សម្គាល់ កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបាននិយាយថា កម្លាំងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារអាកាសយានដ្ឋាន Mashhad នៅភាគខាងកើតឆ្ងាយ របស់ប្រទេសអ៊ីរ៉ង់ ដែលធ្វើឱ្យវាក្លាយជាការវាយប្រហារ ចម្ងាយឆ្ងាយបំផុត នៃជម្លោះ ជាមួយនឹងគោលដៅ ប្រហែល ២,៣០០គីឡូម៉ែត្រ ពីអ៊ីស្រាអែល។
យ៉ាងណាមិញ ជាការសងសឹក អ៊ីរ៉ង់ក៏បានវាយប្រហារតបត ក្នុងនោះ ការបាញ់កាំជ្រួចមីស៊ីល ទៅលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍ បានសម្លាប់មនុស្ស១០នាក់ រួមមានទាំងកុមារ ជាហេតុនាំឱ្យមនុស្សស្លាប់សរុបនៅអ៊ីស្រាអែល កើនដល់១៣នាក់ និង ៣៨០នាក់ទៀត រងរបួស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



