ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ បំបែកឯកទក្តកម្មអ្នកចូលរួម ខណៈមន្ដ្រី​ជំនាញ រំពឹងនឹងក្លាយជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ មានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់។ ចំនួនអ្នកចូលរួមនេះ បានបំបែកកំណត់ត្រាឆ្នាំកន្លងទៅ ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩យាងចូល ៩០ព្រះវស្សា សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព​សេចក្តីថ្លៃថ្នូរ និងសុភមង្គល។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​មានប្រសាសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុង​អន្ដរជាតិ​ឆ្នាំនេះ គណៈកម្មការរៀបចំបានទទួលអ្នកចូលរួមរត់សរុបចំនួន ៥០១០នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៤៣៥៩នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៦៥១នាក់ មកពី ៤២ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ចិន, ជប៉ុន, បារំាង, ហ្វីលីពីន និងម៉ាឡេស៊ី ។ ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បាន​ថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាក្រុម​យុវជន​ស្ម័គ្រចិត្ត ដែលបានចូលរួមសហការជួយរក្សាសន្តិសុខ សុវត្ថិភាពចរាចរ ដល់អត្តពលិកជាតិ-អន្តរជាតិ ក្នុងទិវារត់ប្រណាំងនេះ។

ដោយឡែក ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា ចំនួនអ្នកចូលរួមទិវារត់​ប្រណាំង​ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ គឺបានបំបែកកំណត់ត្រាឆ្នាំមុនៗ ដែលបង្ហាញឲ្យឃើញពីការចូលរួមកាន់តែល្អប្រសើរ និងបញ្ជាក់ពីការយល់​ដឹង​របស់ប្រជាពលរដ្ឋ ចំពោះសុខភាព ដែលបានពីការលេងកីឡា។

ឯកឧត្តម បានរំលេចទៀតថា ដំណើរការរៀបចំ ក៏បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យ​អត្តពលិក​ជាតិ-អន្ដរជាតិ រត់ដោយភាពកក់ក្ដៅ និងបញ្ចប់ទីជាមួយស្នាមញញឹម និងអនុ​ស្សាវរីយ៍​ល្អ ដែលជាបំនិនជីវិតមួយដ៏ល្អក្នុងការរស់នៅរបស់ខ្លួនផងដែរ។ សកម្មភាពនៃការចូលរួមរត់ប្រណាំងនេះ បង្ហាញធ្វើឲ្យឃើញថា សុខភាពរបស់​ប្រជាពលរដ្ឋ ទាំងផ្លូវកាយនិងផ្លូវចិត្ត គឺកាន់តែល្អប្រសើរ កាត់បន្ថយនូវសេវា​ចំ​ណាយទៅលើសុខភាពសាធារណៈច្រើន ដោយផ្អែកទៅលើសន្ទុះ​នៃការ​ចូល​រួមនេះ។ ជាមួយគ្នា យើងក៏សូមថ្លែងអំណរគុណ គឺប្រជាពលរដ្ឋ ទាំងក្មេង ទាំងចាស់ ដែលតែងគាំទ្រចលនារត់ដើម្បីសុខភាព រត់ដើម្បីទទួលបាន​នូវបំនិន​ជីវិតល្អក្នុងការរស់នៅរបស់ខ្លួន ។ នេះគឺជាអ្វីដែលយើងខ្ញុំខិតខំប្រឹងប្រែងធ្វើ ហើយនៅតែបន្ដធ្វើឲ្យកាន់តែល្អទៀត។

ឯកឧត្តម សង្ឃឹមជឿជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាល​ម៉ារ៉ាតុង​អន្ដរ​ជាតិ​​របស់យើងនេះ នឹងក្លាយទៅជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អសម្រាប់​រាជធា​នីភ្នំពេញ។ យើងនឹងធ្វើឲ្យព្រឹត្តិការណ៍នេះ ទៅថ្ងៃក្រោយទៀត មានអ្នករត់លើសពី ១ម៉ឺន​នាក់​ឡើង ដូចបណ្ដាទីក្រុងធំលើពិភពលោក ដែលគេធ្វើ ដូចជាប៉ារីសម៉ារ៉ាតុង ញូយ៉កម៉ារ៉ាតុង និងប្រទេសធំៗផ្សេងទៀត ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner