សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា ទុកពេល ២៤ម៉ោង បើភាគីថៃបើកព្រំដែន កម្ពុជា នឹងបើកដែរ តែមិនបើក កម្ពុជា នឹងបិទព្រំដែនជាមួយថៃ មិនឱ្យនាំផ្លែឈើ និងបន្លែថៃឆ្លងកាត់
(ភ្នំពេញ)៖ តាមរយៈសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា កម្ពុជាទុកពេល ២៤ម៉ោង បើភាគីថៃបើកព្រំដែន កម្ពុជា នឹងបើកដែរ តែមិនបើក កម្ពុជា នឹងបិទព្រំដែនកម្ពុជា-ថៃ បិទមិនឱ្យនាំផ្លែឈើ និងបន្លែថៃ ឆ្លងកាត់។ ប៉ុន្ដែ កម្ពុជា ទុកពេលឱ្យ ២៤ម៉ោង ក្រោយពីសម្ដេចតេជោ បានសន្ទនាជាមួយនឹងនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីថៃ បានសន្ទនា ជាមួយនឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពីមានទំនាស់ ថៃ គឺជាអ្នកផ្ដើមបិទព្រំដែនជាឯកតោភាគី ដូច្នេះបើចង់បើក ព្រំដែន គឺកងទ័ពថៃ ត្រូវបើកច្រកព្រំដែនវិញ។
ឆ្លើយតបទៅនឹងវិធានការកងទ័ពថៃ បិទព្រំដែនជាឯកតោភាគី កម្ពុជា បានសម្រេចចិត្តបិទច្រកដូង ដែលជាច្រកសំខាន់របស់ថៃ នាំ ចេញបន្លែផ្លែឈើ ទៅកាន់ប្រទេសវៀតណា។ ការបិទច្រកនេះ ថៃ ព្យាយាមចរចាជាមួយកម្ពុជា តែកម្ពុជា បានចាត់ទុកការបិទព្រំដែនឯកតោភាគី គឺជាការ រំលោភកិច្ចព្រមព្រៀងលើបញ្ហាច្រកព្រំដែន ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការចង់ចរចា គឺចង់ ឲ្យកម្ពុជា បាក់មុខជាមួយថៃ ដូច្នេះកម្ពុជា មានកិត្តិយស មានសេចក្ដីថ្លៃថ្នូរ ក្នុងករណីនេះ កម្ពុជា អត់ចរចានោះទេ ។ ក្រោយសន្ទនាជាមួយនាយករដ្ឋមន្រ្តីថៃ កម្ពុជា ទុកពេល ២៤ម៉ោង បើថៃមិនបើកច្រកវិញ គឺ កម្ពុជា នឹងបិទព្រំដែន ទាំងស្រុងរវាងកម្ពុជា និងថៃ ដោយកម្ពុជា អាចនឹងបិទច្រកព្រំដែនមិនឱ្យនាំផ្លែឈើ និងបន្លែថៃឆ្លងកាត់ ។
រឿងបិទព្រំដែននេះ សម្ដេចតេជោ បានស្នើសុំឲ្យ ប្រជាពលរដ្ឋថៃ កុំខឹងរដ្ឋាភិបាលកម្ពុជា ព្រោះអ្វីៗ ផ្ដើមពី កងទ័ពថៃ។ ប្រសិនបើពលរដ្ឋថៃ ចង់តវ៉ា គួរគប្បី តវ៉ា ទាហានថៃ ។
សម្តេចមានប្រសាសន៍ផងដែរថា កុំបន្ទោសកម្ពុជាក្នុងការបិទច្រកដូង ដែលហាមឃាត់ ការដឹកផ្លែឈើ និងបន្លែ ដែលថៃ ដឹកឆ្លងកាត់កម្ពុជា ទៅប្រទេសវៀតណាម រាប់រយឡានក្នុងមួយថ្ងៃៗ ។ បើកុំតែសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី សន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ ប្រហែលជាកម្ពុជា អាចនឹងបិទគ្រប់ច្រកទាំងអស់ ។ ពេលនេះ កម្ពុជា ទុកពេលឱ្យ ២៤ម៉ោងឱ្យថៃ រឿងបើកច្រកទ្វាព្រំដែន ។
សូមជម្រាបថា ជម្លោះកម្ពុជា និងថៃ បានឡើងជារលកកម្ដៅខ្លាំង ក្រោយពីកងទ័ពថៃ បានបាញ់មុន ចូលលេណដ្ឋានកម្ពុជា បណ្ដាលឲ្យយោធិនកម្ពុជាម្នាក់បាត់បង់ជីវិត ហើយទីបំផុត កម្ពុជា បានយកសំណុំរឿង តំបន់មុំ ៣ ប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការ អន្ដរជាតិ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ៕
ដោយ ៖ វណ្ណលុក