សម្ដេចតេជោ ហ៊ុន សែន ៖ ហេតុអ្វីកម្ពុជា បញ្ជូនសំណុំរឿងតំបន់មុំបី ប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ
(ភ្នំពេញ)៖ តាមរយៈសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបញ្ជូនសំណុំរឿង តំបន់មុំ ៣ ប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការអន្ដរជាតិ កាលពីថ្ងៃទី១៥ មិថុនា គឺដោយសារភាគីទាំងពីរ មិនអាចចុះសម្រុងគ្នានៅតំបន់ទាំងបួន ដូច្នេះ បើភាគីទាំងពីរ នៅតែមិនអាចរកឃើញនូវការចុះសម្រុងគ្នា ជម្រើសរបស់យើង គឺជ្រើសយកសន្តិភាព និងជម្រើសនៃការអនុវត្តច្បាប់អន្តរជាតិ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យន្តការនៃការចរចាទ្វេរភាគី និងយន្តការ ចូលទៅក្នុងតុលាការ សុទ្ធតែសន្តិភាព ពោល គឺការបញ្ជូនសំណុំរឿង ទៅតុលាការ មិនមែនមានន័យថា គឺជាការបង្កសង្រ្គាមឬបង្កើតសង្រ្គាមនោះទេ ។
ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ប៉ុន្មានថ្ងៃកន្លងទៅ ថៃ បានបង្ហាញថា ចង់វាយគ្នាជាជាងស្វែងរកសន្តិភាពតាមរយៈតុលាការ ហើយកម្ពុជា មិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវាយគ្នាទេ ប៉ុន្ដែកម្ពុជា មិនចង់វាយជាមួយអ្នកណាទេ ហើយកម្ពុជា ត្រឹមតែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ ។ សម្តេច បញ្ជាក់ថា អ្នកណាក៏ដោយ ដែលគេចវេះពីតុលាការ មានន័យថា អ្នកនោះមានពិរុទ្ធភាព និយាយឱ្យខ្លី មានតែចោរទេ ដែលខ្លាចតុលាការ ៕
ដោយ ៖ វណ្ណលុក