កាកបាទក្រហមកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា នៃសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួំពីថ្នាក់ដឹកនាំ និងសហការី នៃកាកបាទក្រហមកម្ពុជាផងដែរ ។
ក្នុងសារលិខិតរបស់កាកបាទក្រហមកម្ពុជា ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា មានខ្លឹមសារថា ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរី វឌ្ឍនាមហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយ ព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនក្នុង សេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ ។
ក្នុងអភិលក្ខិតសម័យដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវព្រះរាជកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងសូមប្តេជ្ញាដង្ហែតាម ព្រះរាជគន្លងព្រះរាជវីរៈគំរូមនុស្សធម៌ដ៏ថ្លៃថ្លានៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធាន កិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំពេញព្រះរាជ បូជនីយកិច្ច សន្សំបុញ្ញកុសលតម្កល់ក្នុងពុទ្ធចក្រ អាណាចក្រ ប្រកបដោយព្រះរាជទសពិធរាជធម៌ និងមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ប្រោសព្រះរាជទានដល់កូន ចៅ ចៅទួត និងជនរួមជាតិ បានរស់នៅសម្បូរសប្បាយ រុងរឿងជានិរន្តរ៍ ជារៀង ដរាបតទៅ ។
ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្ស ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរម រតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គ ប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕








ដោយ ៖ វណ្ណលុក