កម្ពុជា ទទួលស្គាល់ត្រូវតែស្របនឹងផែនទី នៃសន្ធិសញ្ញាបារាំង-សៀម ១៩០៧ និងប្រកាសមិនទទួលស្គាល់ផែនទីគូសដោយឯកតោភាគីរបស់ថៃដាច់ខាត

(ភ្នំពេញ)៖ តាមរយៈការថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ជាក់ជាថ្មីថា ផែនទីដែលកម្ពុជា ទទួលស្គាល់ត្រូវតែស្របនឹងផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ខណៈកម្ពុជា មិនទទួលស្គាល់ផែនទីគូស ដោយឯកតោភាគីរបស់ថៃដាច់ខាត ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តាមអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ដែលក្នុងនោះមានការកំណត់លើការប្រើប្រាស់ផែនទីត្រឹមត្រូវ ផែនទីឯកតោភាគីណាមួយ មិនត្រូវបានទទួលស្គាល់នោះទេ លុះត្រាតែផែនទីនោះ ស្របជាមួយផែនទីគោល ដែលកំណត់ដោយកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បានប្រើប្រាស់ជាហូរហែរហូតដល់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ជាពិសេស បានយកមកកាត់ក្ដីនៅឆ្នាំ១៩៦២ បន្ថែមទៀត ដូច្នេះក្រៅពីផែនទីនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា មិនទទួលស្គាល់នោះទេ​។

ជាមួយនេះ សម្ដេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានជួបប្រជុំគ្នាទទួលបានលទ្ធផលប្រសើរ បើទោះបីមិនទាន់សមស្របពេញលេញ នៃការចង់បានយ៉ាងណាក្ដី ។

គោលជំហររបស់កម្ពុជា ត្រូវបានឯកឧត្តម ឡាំ ជា រដ្ឋមន្ដ្រីទទួលបន្ទុកលេខាធិការដ្ឋាន កិច្ចការព្រំដែន បញ្ជាក់ប្រាប់ភាគីថៃថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យក នូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន១/២០០,០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញ បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន ។ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បង នាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត ៕

ដោយ ៖ វណ្ណលុក

ads banner