មន្រ្តីនគរបាល ឌួង ណាគ្រី ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ចំនួន២បទល្មើស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មន្រ្តីនគរបាលដៃឆៅចិត្តសាហាវឈ្មោះ ឌួង ណាគ្រី ដែលបាញ់ប្រហារចំនួន៥គ្រាប់ សំដៅទៅលើ២នាក់ប្តីប្រពន្ធ ត្រូវបានចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគាររាជធានីភ្នំពេញ PJ រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ក្រោមបទចោទប្រកាន់ចំនួន២បទល្មើស គឺ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត ។

លោកមេធាវី លី រដ្ឋធី សមាជិករបស់គណៈមេធាវី បានឲ្យដឹងថា យោងតាមច្បាប់ព្រហ្មទណ្ឌបទល្មើស ចោទប្រកាន់ចំនួន២បទល្មើស, ទី១៖ «ប៉ុនប៉ងឃាតកម្ម ប្រឈមនឹងការជាប់ពន្ធនាគារចន្លោះ ១០ឆ្នាំ ទៅ១៥ឆ្នាំ។ ទី២៖ ប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត ប្រឈមនឹងជាប់ពន្ធនាគារចន្លោះពី ៦ខែ ទៅ ២ឆ្នាំ ។

លោក លី រដ្ឋធី បានលើកយកច្បាប់ព្រហ្មទណ្ឌមកពន្យល់ថា មាត្រា ២៧- និយមន័យនៃការប៉ុនប៉ង។ ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន, កាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញ៖
– ចារីបានចាប់ផ្តើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស និង )
– ចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តតែត្រូវបានរាំងស្ទះ ឬអាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន។
អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្តើមអនុវត្តទេ។ ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ។

មាត្រា ១៩៩.- បទឃាតកម្ម
អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ (ដប់) ឆ្នាំទៅ ១៥ (ដប់ប្រាំ) ឆ្នាំ»។

មាត្រា ២០ បានចែងថា ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ដល់ ២(ពីរ) ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០(ហាសិបម៉ឺន)រៀល ដល់ ២.០០០.០០០ (ពីរលាន)រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

សូមរំលឹកថា វរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងអាការៈស្រវឹង បានបើករថយន្ដម៉ាក Lexus RX350 តាមរករឿងជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលបើករថយន្ដម៉ាក Rang Rover តាំងពីមុខមជ្ឈមណ្ឌលរ៉ុក រហូតទៅដល់ក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ហើយបានចុះពីលើរថយន្ដទាញកាំភ្លើងខ្លី បាញ់ទៅលើរថយន្ដជនរងគ្រោះ ចំនួន៥គ្រាប់ជាប់ៗគ្នា កាលពីម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយ។

ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដោយប្តីមានឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្រាប់ករណីនេះមហាជននៅតែចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ចំពោះមន្រ្តីនគរបាលដែលបានប្រព្រឹត្តបទល្មើសធ្ងន់បែបនេះ ត្រឹមទទួលរងការដាក់វិន័យកងកម្លាំង ខណៈដែលរឿងស្រដៀងនេះកាលពីពេលកន្លងទៅ និងធ្លាប់កើតមានឡើងនៅក្នុងសង្គម ជនបង្កត្រូវបានកាត់ទោសតាមច្បាប់ផងដែរ ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner