សេចក្តីព្រាងច្បាប់ក្រសួងមហាផ្ទៃស្តីពីសណ្តាប់ធ្នាប់សធារណៈ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សានិងពិនិត្យ រួមយោបល់ ដើម្បីរិះរកធាតុចូលបំពេញបន្ថែម ដើម្បីកែលម្អនូវចំណុចខ្វះចន្លោះ មុននិងយកទៅប្រើប្រាស់ដាក់ឲ្យអនុវត្ត

អត្ថបទដោយ៖
Kien Sereyvuth

  នៅក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ពង្រាងច្បាប់ថ្មីនេះ នៅពេលដែលដាក់ចេញទៅនិងកំណត់ចូលជាធរមានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វាកាន់តែនឹងបង្កើន ឲ្យមានការទទួលខុសត្រូវបន្ថែមទៀត របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសមត្ថកិច្ច និងស្ថាប័នអង្គភាពមន្ទីរពាក់ព័ន្ធផងដែរ ដោយច្បាប់នេះ ស្រួលស្ដាប់ងាយយល់ ប៉ុន្តែវាពិបាកអនុវត្តនិងកែប្រែទម្លាប់ ។

       ការថ្លែងលើកឡើង របស់ ឯកឧត្តម អភិបាលខេត្តបាត់ដំបងបែបនេះ ដោយសារតែក្រសួងមហាផ្ទៃ បានបញ្ជូននូវសេចក្តីព្រាងច្បាប់”ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ”ទៅតាមបណ្ដាខេត្ត ដើម្បីឲ្យរដ្ឋបាលខេត្តនីមួយៗ បើកកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូលនូវចំណុចល្អៗ ដើម្បីបំពេញបន្ថែមទៅក្នុងសេចព្រាងច្បាប់នេះបន្ថែមឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងពិតប្រាកដឆ្លើយតបទៅនិងគោលបំណងរបស់ច្បាប់។ ទើបក្រសួងមហាផ្ទៃ បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី “សណ្ដាប់ធ្នាប់សាធារណៈ” ក្នុងន័យដើម្បីឲ្យសមាជិក-សមាជិកា នៃក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ទីរ និងស្ថាប័នរដ្ឋពាក់ព័ន្ធ ធ្វើការពិភាក្សា រិះរកនិងដាក់បញ្ចូលនូវគន្លឹះបញ្ហា ដើម្បីវែកញែក រកចំណុចល្អៗបន្ថែមទៀត បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ដែលវានឹងធ្វើឲ្យច្បាប់នេះនៅពេលដែលដាក់ចេញឲ្យអនុវត្ត គឺវាបានឆ្លងកាត់នូវការបញ្ចេញមតិទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព ។
 
         យោងតាមជំពូកទី១ ស្តីពីបទប្បញ្ញត្តិទូទៅ ត្រង់មាត្រាទី១។ គឺ៖ច្បាប់នេះ បានតាក់តែងឡើងក្នុងគោលបំណងធានា ការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ … ។

      សេចក្តីព្រាងច្បាប់ “ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ”ខាងលើនេះ មាន ៨ជំពូក នឹង ៤៨មាត្រា។ ហើយពង្រាងច្បាប់នេះ ត្រូវបានក្រសួងមហាផ្ទៃធ្វើការពិនិត្យនិងកែសម្រួលចប់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ ហើយច្បាប់នេះ ក៏មានចែងពីការហាមឃាត់នូវការស្លៀកពាក់មិនសមរម្យនៅតាមទីសាធារណៈ ដូចជា៖ ការស្លៀកពាក់លិចលើ លិចក្រោម  ខើចលើ ខើចក្រោម។ ការចោលសំរាមមិនបានត្រឹមត្រូវ បង្កការបំពងសម្លេងដែលធ្វើឲ្យប៉ះពាល់អ្នកដទៃ និងការប្រព្រឹត្តលេងល្បែងស៊ីសង ជាដើម… ។
 
      ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាក់ស្ដែងដូចច្បាប់ចរាចរណ៍មួយ ដែលដាក់ឲ្យអនុវត្តទៅនោះមានការលំបាក សម្រាប់ច្បាប់នេះក៏កាន់តែលំបាកខ្លាំងជាង។ ព្រោះច្បាប់នេះត្រូវគ្រប់ដណ្ដប់លើការរស់នៅទាំងមូល របស់ប្រជាពលរដ្ឋ ដែលទាមទារ ក្នុងការអប់រំខ្លាំងណាស់ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធទៅដល់ពលរដ្ឋខ្លួន។ហើយច្បាប់នេះ វានិងបង្ខំឲ្យមនុស្សត្រូវតែគោរពច្បាប់ កែទម្លាប់រស់នៅអាក្រក់ មកប្រតិបត្តិអនុវត្តច្បាប់តាមច្បាប់វិញ ។

        ឯកឧត្តម ងួន រតនៈ បានធ្វើការបូកសរុបក្នុងកិច្ចប្រជុំនេះដោយបានគូសបញ្ជាក់ថា៖មិនចាំបាច់ច្បាប់ចូលជាធរមាន ទើបចុះអនុវត្តទេ គឺ៖ អាជ្ញាធរដែនដី និងស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតែបន្តចុះធ្វើបន្តទៀត។

       នៅក្នុងពង្រាងក៏មានចែងផងដែរចា៖ជនណារារាំង និងបង្កឧបសគ្គ ដល់ការអនុវត្តច្បាប់។របស់សមត្ថកិច្ច ក៏ត្រូវផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល។ ចំពោះមន្ត្រីអនុវត្តច្បាប់នេះ ដែលបានរំលោភអំណាច ដូចមានចែងក្នុងច្បាប់នេះដោយចេតនា ក៏ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ៨០ម៉ឺនរៀលផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner