ថវិកាជិត២០ម៉ឺនដុល្លារ ទទួលបានពីការឧបត្ថម្ភរបស់សប្បុរសជនក្នុងពិធីអបអរខួប លើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានអញ្ជើញជាប្រធានគណៈអធិបតី ក្នុងពិធីអបអរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អមដំណើរដោយអ្នកមុខអ្នកការ និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង និងសិស្សានុសិស្សជាង១ពាន់នាក់ ដែលបានប្រារព្ធធ្វើឡើង នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៩។

លោក ជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ពីសកម្មភាព ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានធ្វើសកម្មភាពចុះជួយសង្រ្គោះ និងជួយឧបត្ថម្ភ ដោះស្រាយដល់ប្រជាពលរដ្ឋ ដែលបានជួបនូវហានិភ័យ ដោយគ្រោះមហាន្តរាយផ្សេងៗនៅក្នុងខេត្តកំពង់ធំកន្លងមក ក្នុងនោះក៏បានបញ្ជាក់ផងដែរថា កម្លាំងបណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម កំពុងពង្រាយខ្លួន បំពេញបេសកម្មដោយស្ម័គ្រចិត្ត ដោយក្តីញញឹមចាំជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ដោយបានផ្អែកលើគោលការណ៍គ្រឹះ៧ចំណុច គឺមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

លោក ជា វ៉ាន់ចាន់ បានអានពីរបាយការណ៍បានឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន៥,០៨៦គ្រួសារ ក្នុងនោះអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ៣,៧១៤គ្រួសារ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តចំនួន១០៨០គ្រួសារ អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមស្រុក-ក្រុង២៩២គ្រួសារ អំណោយទាំងនោះមាន អង្ករ មុង មុងសុវត្ថិភាពភួយ សារុង ក្រមា កន្ទេល កៅស៊ូតង់ មី ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវ អាហារបំប៉នសុខភាព ធុងចម្រោះទឹក និងរទេះជនពិការ សុរបថវិកាចំនួន ៣១,២០៦,០០០រៀល ក្នុងនោះក៏បានជួយដល់ស្រ្តីឆ្លងទន្លេ១៥នាក់ និងជួយដល់កុមារខ្វះ អាហាររូបបត្ថម្ភអាយុក្រោម៥ឆ្នាំចំនួន៤៣នាក់។

បន្ទាប់ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអានសារលិខិត សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួចមក ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោកលោកស្រី រួមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមកម្មវិធីនេះ ឆ្នាំនេះគឺសង្កេតឃើញថា មានការចូលរួមច្រើន ពីបងប្អូនសម្បុរជនដែលបានឧបត្ថម្ភថវិកា ដែលទទួលបាននាពេលនេះ ចំនួន ១៩,៩៧៥១ដុល្លារ និងសូមថ្លែងអំណរគុណដល់សម្បុរសជនដែលបានជួយ ឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តកំពង់ធំ និងសូមថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និង លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ ដែលលោកជំទាវតែងតែចុះប្រតិបត្តិផ្ទាល់ តាមគោលដៅដែលមានការ ខ្វះខាត និងបានជួយសាងសង់ផ្ទះជាច្រើន និងបានធ្វើឲ្យសាខាកាកបាទក្រហមខេត្តកំពង់ធំ ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែរ៉ឹងមាំ ដែលអាចជួយសង្រ្គោះប្រជាពលរដ្ឋ បានទាន់ពេលវេលា។

ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានមានប្រសាសន៍កោតសរសើរដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ខ្លួនឲ្យមានលក្ខណៈរឹងមាំ ក្រោមការដឹកនាំរបស់ប្រធាន អនុប្រធាន និងមន្រ្តី រួមទាំងអ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលធានាបាននូវការជួយសង្រ្គោះប្រជាជនដែលជួបនឹងគ្រោះមហន្តរាយផ្សេងៗ មិនតែប៉ុណ្ណោះបានធ្វើឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ មានលទ្ធភាព ក្នុងការចុះជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ៕ម.ន ដោយៈ ប៊ុន រដ្ឋា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner