កងយោធពលខេមរភូមិន្ទដែលជាសសរទ្រូងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាការបង្ហាញឱ្យកម្លាំង អមិត្តដឹងថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល-ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋានជានិច្ចដោយឥតងាករេ
កងយោធពលខេមរភូមិន្ទដែលបានចាត់ទុកថា ជាសសរទ្រូងធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គឺជាការបង្ហាញឱ្យកម្លាំងអមិត្តដឹងថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ការពារ និង គោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល -ក្រសួងការពារជាតិ និង ក៏ដូចជាអគ្គបញ្ជាការដ្ឋានជានិច្ចដោយឥតងាករេ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរៈភូមិន្ទនៅក្នុងពិធីបើកវគ្គសមយុទ្ធបាញ់គ្រាប់ពិតហនុមានមាស ២០១៩ កងទ័ពជើងគោក ដែលបានប្រព្រឹត្តិទៅ នៅទីលានតេជោសែនជុំគីរី ស្ថិតក្នុងភូមិសាស្ត្រស្រុកជុំគិរី ខេត្តកំពតនាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។
ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទបានថ្លែងទៀតថា៖សមយុទ្ធបាញ់គ្រាប់ពិតហនុមានមាស២០១៩លើកនេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ច លើការងារហ្វឹកហ្វឺនស្របតាមផែនការដែលបានដាក់ចេញដល់នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃ កងយោធពលខេមរភូមិន្ទ ដែលទទួលបានបទពិសោធន៍ជាក់ស្តែង លើការងារមួយចំនួនដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងកិច្ចការពារបូរណភាពទឹកដីនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងបានវាយតម្លៃសមត្ថភាពយោធិន ក្រោយពីការហ្វឹកហ្វឺននៅតាមបណ្តាសាលា និងកងឯកភាពរួចមក។
ឯកឧត្តមបានបញ្ជាក់ថា៖វគ្គសមយុទ្ធនាថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្មរបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់បណ្តានាយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងការចូលរួមចំណែក យ៉ាងសំខាន់ក្នុងការងារហ្វឹកហ្វឺនសំដៅកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទឱ្យមានសមត្ថភាពពេញលេញនិងរឹងមាំធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិមាតុភូមិជាពិសេសសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពជើងគោក។
កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈ សំខាន់ ដែលត្រូវដំណើរការជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីអភិវឌ្ឍសមត្ថភាពវិជា្ជជីវៈយោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយតបទៅនឹងការបន្តកែទម្រង់កងកម្លាំងប្រដាប់អាវុធ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ក្រោមគោល នយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីជាពិសេសបន្ទាប់ពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយរបស់កម្ពុជា ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរស់នៅក្នុងសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាពចំពោះសមិទ្ធិផលទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ធ្វើឲ្យកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងជាលំដាប់៕