ពលរដ្ឋរងគ្រោះសង្ឃឹមថា តុលាការកំពូលនឹងផ្តន្ទាទោសមន្ត្រីយោធា និងគូកនដែលបន្លំឯកសារលក់ដីខ្យល់ឲ្យសមតាមកំហុស
ភ្នំពេញ៖ ប្រជនជាពលរដ្ឋដែលរងគ្រោះព្រោះអំពើឆបោករបស់មន្ត្រីយោធាឈ្មោះ ស៊ុន សៀង និងអតីតក្រុមប្រឹក្សាឃុំត្រពាំងភ្លាំងឈ្មោះ ហេង សាន ក្រោមរូបភាពក្លែងបន្លំឯកសាររបស់អាជ្ញាធរមូលដ្ឋាន និងស្នាមមេដៃរបស់ប្រជាជននៅខេត្តកំពត សង្ឃឹមថា តុលាការកំពូលនឹងអាចផ្តល់យុត្តិធម៌ជូនពួកគាត់បាន និងផ្តន្ទាទោសជនជាប់ចោទទាំង២នាក់ឲ្យសមនឹងអំពើដែលពួកគេបានប្រព្រឹត្ត។
សូមជម្រាបថា តុលាការកំពូលបានបើកសវនាការកាត់ទោស ជនជាប់ចោទឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីយោធា និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ ក្រោមបទចោទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៣ យោងតាមមាត្រា ៦២៧, មាត្រា ២៦៨, មាត្រា ៣៧៧ និងមាត្រា ៣៧៨នៃក្រមព្រហ្មទណ្ឌ។
ការបើកសវនាការនេះធ្វើឡើងបន្ទាប់ពី លោក លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ ប្តឹងសារទុក្ខទៅតុលាការកំពូលដោយសារតែលោកយល់ឃើញថា ការផ្តន្ទាទោសលើជនជាប់ចោទហាក់មិនទាន់ធួនល្មមទៅនឹងអំពើដែលក្រុមជនជាប់ចោទបានប្រព្រឹត្តនោះទេ។
ក្រោយពីបើកសវនាការសាកសួរដេញដោយអំពីដំណើររឿងរ៉ាវតាំងពីដើមដល់ចប់ តុលាការកំពូលបានសម្រេចលើកពេលប្រកាសសាលដីកានៅថ្ងៃខាងមុខ ដោយនៅពុំទាន់កំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់នៅឡើយទេ ដោយរងចាំជូនដំណឹងនាពេលក្រោយ។
សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃម្សិលមិញ ជនជាប់ចោទឈ្មោះ ហេង សាន ដែលបានផ្លាស់ពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ទៅពន្ធនាគារខេត្តកំពត មិនបានចូលរួមឡើយ ហើយលិខិត និងមូលហេតុជូនតុលាការក៏គ្មានដែរ ពោលគឺមានតែជនជាប់ចោទឈ្មោះ ស៊ុន សៀង ដែលបានមកឈក្នុងរង្វង់ក្រចកសេះ បដិសេធថា «ខ្ញុំអត់បានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ»។
ទោះជាជនជាប់ចោទខិតខំដោះសារយ៉ាងក៏ដោយ ក៏ប៉ុន្តែភាគីជនរងគ្រោះមានភស្តុតាងយ៉ាងច្បាស់ដើម្បីបញ្ជាក់ថា ឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន ពិតជាបានឆបោកលុយពីជនរងគ្រោះអស់ចំនួន ៧៥ម៉ឺនដុល្លារប្រាកដមែន គឺការប្រគល់ប្រាក់តាមរយៈគណនីធនាគារ ដែលជនរងគ្រោះក៏បានដាក់ចូលក្នុងសំណុំរឿងរួចហើយ។
ម្យ៉ាងវិញទៀត ជនរងគ្រោះក៏បានដាក់បញ្ចូលភស្តុតាងដែលបញ្ជាក់ថា ក្រុុមជនជាប់ចោទពិតជាបានក្លែងបន្លំឯកសារ យកដីខ្យល់មកលក់ឲ្យជនរងគ្រោះដើម្បីឆបោកលុយពិតមែន គឺលទ្ធផលកោសល្យវិច័យរបស់ នគរបាលជំនាញនៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។
ដូច្នេះជនរងគ្រោះសង្ឃឹមថា តុលាការកំពូលនឹងពិចារណាចំពោះបណ្តឹងសារទុក្ខរបស់អគ្គព្រះរាជអាជ្ញា និងពិនិត្យលើភស្តុតាងទាំងឡាយណាដែលបញ្ជាក់ថា ជនជាប់ចោទពិតជាបានប្រព្រឹត្តនៅអំពើដែលធ្វើឲ្យខូចខាតផលប្រយោជន៍របស់ជនរងគ្រោះយ៉ាងធ្ងន់បំផុត។
គួររំលឹកថា សំណុំរឿងត្រូវលោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលាក្រម ដាក់ពន្ធនគារកំណត់រយៈពេល១ឆ្នាំ និង៦ខែ ដោយអនុវត្តទោសក្នុងពន្ធនាគារ ៦ខែ ប៉ុន្តែត្រូវលោកព្រះរាជអាជ្ញារង ចែ សុង មិនយល់ស្រប និងប្តឹងឧទ្ធរណ៍។
បន្ទាប់ពីបើកសវនាការតាមបណ្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលដីកា ផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ស៊ុន សៀង និងឈ្មើ ហេង សាន ដាក់ពន្ធនាគារ កំណត់រយៈពេល០៣ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារកំណត់ ១ឆ្នាំ និង៦ខែ៕ម.ន