ជនសង្ស័យ ឌួង ណាគ្រី ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយ
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការ កាលពីព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ នេះ ពាក់ព័ន្ធការបាញ់ចំនួន៥គ្រាប់ នៅខណ្ឌច្បារអំពៅ។ នេះ បើតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ តាមបណ្ដាញសង្គម Telegram ។
លោក លី សុផាណា ថ្លែង ថា”តំណាងអយ្យការបាន សម្រេចបើកការស៊ើបសួរដោយចោទប្រកាប់ពីបទ ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយ មិនមានការអនុញ្ញាត”។ បច្ចុប្បន្ន ជនត្រូវចោទ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រម ស៊ើបសួរ ដើម្បីចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន។
មាត្រា ២៧នៃ ក្រមព្រហ្មទណ្ឌចែងថា”ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុក ក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោស បានកាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញ៖
-ចារីបានចាប់ផ្ដើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណង ដោយ ផ្ទាល់ ដើម្បី ប្រព្រឹត្តបទល្មើស និងចារី មិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញ ដោយស្ម័គ្រចិត្ត តែត្រូវ បាន រាំងស្ទះ ឬអាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈ ក្រៅឆន្ទៈរបស់ខ្លួន។
អំពើត្រៀមបម្រុង ដែលពុំមានគោលបំណង ដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស មិនមែនជាការ ចាប់ផ្ដើមអនុវត្តទេ។ ការប៉ុនប៉ង ក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ”។
មាត្រា ១៩៩នៃ ក្រមព្រហ្មទណ្ឌ ចែងថា”អំពើសម្លាប់មនុស្ស ដោយចេតនា ដោយប្រើអាវុធ ឬមិន ប្រើអាវុធដោយគ្មាន ស្ថានទម្ងន់ណាមួយ ដូចបាន កំណត់ក្នុងមាត្រា ២០០(បទឃាតកម្មគិតទុកជា មុន)ដល់មាត្រា ២០៥(បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រម នេះគឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១០ឆ្នាំ ទៅ១៥ឆ្នាំ៕ម.ន ដោយៈ ឆាយានាថ