អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ជំរុញលើទឹកចិត្តដល់ក្រុមអ្នកច្បាប់ទាំងអស់ យកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់ពីច្បាប់បទបញ្ជា និងនីតិវិធីនានានៃ ដំណើរការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក នាថ្ងៃទី២៦ឧសភាខាងមុខនេះ

នៅព្រឹកថ្ងៃសៅរ៍ ១កើតខែពិសាខ ឆ្នាំកុរឯកស័ក ព ស២៥៦៣ ត្រូវថ្ងៃទី៤ខែ ឧសភាឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធីបតី និងចែករំលែកបទពិសោធន៍ចំណេះដឹង ក្នុងពិធីបំប៉នស្តីពីច្បាប់បទបញ្ជានិងនីតិវិធី នានានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុកនិងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។         

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិការគ្រប់រូបក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន។  ឯកឧត្តម បានណែនាំដល់សមាជិកចូលរួមទាំងអស់បន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយ សាសនា ឬបក្សពួកឡើយ។   

ឯកឧត្តមតំណាងរាស្រ្តមក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះឯកឧត្តមបានគូសបញ្ជាក់ផងដែរថា សន្តិភាព និងស្ថេរភាពនយោបាយមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលទាមទាឱ្យយើងត្រូវតែរួបរួមគ្នាថែរក្សា ការពារឱ្យបានស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តន៍ ព្រោះយើងធ្លាប់បានភ្លក់ហើយនូវរសជាតិសង្គ្រាមកាលពីអតីតកាល ទម្រាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៩៨។

ទន្ទឹមនឹងនេះ ឯកឧត្តម ចាយ បូរិន ក៏បានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានីខេត្តក្រុងស្រុកបទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់សមាជិកសមាជិការចូលរួមទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។ ឯកឧត្តមក៏បានលើកឡើងពីក្រមសីលធម៌របស់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ ដែលត្រូវយកចិត្តទុកដាក់អនុវត្តក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនដោយជំហរអព្យាក្រឹត មិនលម្អៀង ដើម្បីចូលរួមធានាឱ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។

ឯកឧត្តមចាយ បូរិន ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន និងសមាជិកសមាជិការចូលរួមទាំងអស់យកចិត្តទុកដាក់ ជំរុញឱ្យអង្គបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបន្តលើកម្ពស់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀត ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner