ប្រជាពលរដ្ឋត្អូញត្អែរពីតំលៃបន្លែ នៅក្នុងមូលដ្ឋានដែលគាត់ខិតខំដាំដុះ
ខេត្តកំពង់ឆ្នាំង៖ប្រជាកសិកររស់នៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី 23 ខែមេសា ឆ្នាំ 2019 បានត្អូញត្អែរអោយដឹងថា៖តម្លៃបន្លែបង្កានៅក្នុងមូលដ្ឋានដែលពួកគាត់បានខិតខំដាំដុះយកមកលក់ដូរ្នុងទីផ្សារតម្លៃបានស្រុតចុះ ដែលធ្វើអោយការដាំដុះបន្លែបង្កាផ្គត់ផ្គង់ជីវភាពរស់នៅជួបនឹងការលំបាក។ហេតុនេះហើយពួកគាត់សំណូមពរស្ថាប័នពាក់ព័ន្ធនៅតាមព្រុំដែន មេត្តាជួយទប់ស្កាត់ការហូរចូលនូវបន្លែបង្ការពីប្រទេសជិតខាង ដើម្បីទុកលទ្ធភាពឲ្យពួកគាត់ដាំដុះបន្លែនៅក្នុងស្រុក លក់នៅទីផ្សារមានតម្លៃខ្ពស់ ។
ប្អូនប្រុស សួង កក្កដា ជាអ្នកទទួលទិញបន្លែនៅឃុំឆ្នុកទ្រូ ដឹកយកទៅលក់នៅទីផ្សារ ឡុងគឿប្រទេសថៃជាប់នឹងខេត្តបន្ទាយមានជ័យ បាននិយាយនៅព្រឹកថ្ងៃទី24 ខែមេសានេះឲ្យដឹងថា៖ នៅក្នុងអំឡុងខែ 2 ខែ 3 ផ្លែល្ពៅដែលគាត់ទទួលទិញពីប្រជាកសិករនៅក្នុងឃុំឆ្នុកទ្រូក្នុងមួយឡូអាចទិញក្នុងតម្លៃពី 1700 រៀល នៅពេលគាត់លក់ចេញនៅទីផ្សារឡុងគឿ បានតម្លៃ1800 រៀល ។ ប៉ុន្តែមកដល់ខែមេសានេះ តម្លៃផ្លែល្ពៅបានស្រុតតម្លៃ ទិញចូលក្នុងមួយគីឡូតែ1100 រៀល និងលក់ចេញនៅផ្សារឡុងគឿបានថ្លៃតែ1300 រៀលប៉ុណ្ណោះ ព្រោះថា បន្លែរបស់ថៃក៏ដាំដុះទទួលបានផលច្រើនយកមកមកលក់ក្នុងទីផ្សារផងដែរ ។
ដោយឡែកបងស្រី ពេជ្រ សារុន ជាប្រជាកសិកររស់នៅក្នុងឃុំឆ្នុកទ្រូ ជាអ្នកទទួលទិញបន្លែនៅមាត់កំពុងផ្សារឆ្នុកទ្រូ បានអោយដឹងថា៖ ផ្លែត្រឡាចលក់ចេញក្នុងពេលនេះ ក្នុងមួយថ្លៃតែ 500 រៀលតែប៉ុណ្ណោះ ចំណែកផ្លែត្រសក់ស្រូវលក់ចេញមួយពី 1500 ទៅ 2000 រៀលតាមតូចតាមធំ ។ តម្លៃខាងលើនេះវាមិនតុល្យភាពជាមួយនឹងការខិតខំដាំដុះរបស់ប្រជាកសិករយើងឡើយ ជាហេតុធ្វើឲ្យជីវភាពពួកគាត់មានការជួបលំបាក ។ វាខុសពីបន្លែដែលគេនាំចូលពីប្រទេសជិតខាងក្នុងទីផ្សារធំៗសុទ្ធតែលក់ថ្លឹងគីឡូមានតម្លៃខ្ពស់ជាបន្លែកសិករនៅក្នុងស្រុក។
ទាក់ទង និងរឿងនេះ ពួកគាត់សូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធនៅតាមព្រំដែន មេត្តាជួយ ទប់ស្កាត់កុំឲ្យបន្លែនៅប្រទេសជិតខាងកុំអោយហូរចូលក្នុងស្រុក ដើម្បីទុកលទ្ធភាពឲ្យកសិករខ្មែរមានលទ្ធភាពដាំដុះបន្លែនៅក្នុងស្រុកលក់បានតម្លៃខ្ពស់នៅលើទីផ្សារ នោះទើបប្រជាកសិករអ្នកដាំដុះបន្លែតាមមូលដ្ឋានមានជីវភាពល្អប្រសើរ ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ទាក់ទងនឹងផ្សារបន្លែនៅក្នុងទីផ្សារ វាជារឿងធម្មតាទេ កាលណាបន្លែណាមួយវាសំបូរនោះវានឹងចុះថោក ។ កតកតាសំខាន់នោះប្រជាកសិករត្រូវដាំបន្លែអោយទាន់រដូវកាលដែលក្នុទីផ្សារអត់មាននោះទើបលក់បានថ្លៃ ។ ម៉្យាងទៀតត្រូវដាំបន្លែអោយគេដឹងថាគ្មានជាតិគីមី យកមកលក់ក្នុងទីផ្សារបន្លែរបស់សមគន៍គ្មានជាតិគីមី នៅក្នុងក្រុងកំពង់ឆ្នាំង ទើបមានតម្លៃខ្ពស់ជាងទីផ្សារ ៕