ចោរឆក់៣នាក់ នៅ០២ក្រុមផ្សេងគ្នា ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង០៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
ចោរឆក់វ័យក្មេងទាំង០៣នាក់នេះ ស្ថិតក្នុង០២ក្រុម ផ្សេងគ្នាដោយ០២នាក់ ឈ្មោះ ឈាង ម៉េងឡុង ហៅដំឡូង អាយុ ១៨ឆ្នាំ និងឈ្មោះ ឈឹម សុវណ្ណវិចិត្រា អាយុ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតសម្ងាត់របស់អាវុធហត្ថ រាជធានីភ្នំពេញ ប្រដេញធ្លាក់ទឹក និងចាប់បាននៅវេលាម៉ោង០៨៖០៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុច មុខវិទ្យាល័យបុរី១០០ខ្នង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ០៤នាក់ ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃរបស់បុរសម្នាក់ ដែលកំពុងជិះម៉ូតូនិយាយទូរស័ព្ទលើដងផ្លូវ តែបក្ខពួក០២នាក់បានបត់ត្រឡប់ក្រោយគេចខ្លួនរួច សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត ។
រីឯម្នាក់ទៀត ជាក្រុមផ្សេងគ្នាមានឈ្មោះ សុខ វឌ្ឈនៈ ហៅមករា អាយុ១៦ឆ្នាំ ត្រូវបានកម្លាំងល្បាតឯកសណ្ឋានរបស់អាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ នៅវេលាម៉ោង០៩៖០០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវសុធារស កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលរូបគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ស្ត្រីម្នាក់ លើម៉ូតូកង់បី តែបក្ខពួកម្នាក់ទៀតបានគេចខ្លួនរួច សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្ត ។
ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចោរឆក់វ័យក្មេងទាំង០២ក្រុមខាងលើ ក៏បានសារភាពឲ្យដឹង ថា កន្លងមកពួកគេសុទ្ធតែធ្លាប់ បានធ្វើសកម្មភាពឆក់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានសម្រេចជាច្រើនលើករួចមកហើយ ៕ធ.ដ