យាន Curiosity របស់អង្គការ NASA ជួបប្រទះបាតុភូតសូរ្យគ្រាសនៅលើភពអង្គារ
សហរដ្ឋអាមេរិក៖ យោងតាមប្រភពពីគេហទំព័រអវកាស-វិទ្យាសាស្រ្ត ស្ពេស បានឱ្យដឹងថា យានរុករក ឃ្យូរីសស៊ីតធី របស់អង្គការ NASA កាលពីខែមុននេះ បានប្រទះឃើញបាតុភូតសូរ្យគ្រាសដល់ទៅពីរលើក ក្នុងអំឡុងពេលមិនដល់ពីរសប្តាហ៍ផង នៅលើភពអង្គារ (Mars) ។
ក្នុងអំឡុងបាតុភូតសូរ្យគ្រាសទីមួយ នៅថ្ងៃទី១៧ ខែមីនា យាន ឃ្យូរីសស៊ីតធី បានមើលឃើញព្រះច័ន្ទតូច ដេម៉ូស របស់ភពអង្គារ គោចរឆ្លងកាត់ពីខាងមុខពន្លឺព្រះអាទិត្យ (ចន្លោះព្រះអាទិត្យ និងភពអង្គារ ដែលនាំឲ្យទីកន្លែងយាន ឃ្យូរីសស៊ីតធី ស្ថិតនៅរងភាពងងឹតបន្តិចផងដែរ ។ ដោយឡែកព្រឹត្តិការណ៍ទីពីរវិញ កើតឡើងនៅថ្ងៃទី២៦ ខែមីនា គឺជាបាតុភូតច័ន្ទគ្រាសរបស់ព្រះច័ន្ទ ផូបូស ដែលមានទំហំធំ ដូច្នេះពេលព្រឹត្តិការណ៍សូរ្យគ្រាសកើតឡើង វាបានបង្កភាពងងឹតក្នុងទំហំធំ និងរយៈពេលវែងជាង ។
បើតាមប្រភពខាងលើ បាតុភូតទាំងពីរនេះត្រូវថតយកសកម្មភាពបានដោយកាមេរ៉ា ម៉េស របស់យាន ឃ្យូរីសស៊ីតធី ហើយរហូតមកទល់ពេលនេះ យាន ឃ្យូរីសស៊ីតធី និងយានដែលបានបញ្ចប់បេសកកម្មទៅហើយចំនួនពីរទៀត គឺ ស្ពីរីត និង អប់ផតជូនីធី បានប្រទះឃើញសូរ្យគ្រាសសរុប៤០លើក ដោយព្រះច័ន្ទ ផូបូស និងការធ្វើ ទ្រេនស៊ីត (ឆ្លងកាត់ពីមុខព្រះអាទិត្យ) ចំនួន០៨លើកដោយព្រះច័ន្ទ ដេម៉ូស ៕