នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគាស់ទ្វារ និងទូដែកយកគ្រឿងអលង្ការ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះថា កម្លាំងជំនាញរបស់លោក បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅចំណុចមុខផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយគាស់ទ្វារ និងទូដែកយកគ្រឿងអលង្ការ នៅចំណុចផ្ទះលេខ៦គ ផ្លូវលេខ ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៧និង ៣០នាទី ព្រមទាំងចាប់យកវត្ថុតាង ជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរផងដែរ ។
ក្នុងរបាយការណ៍របស់លោក ប៊ុន សត្យា បានបញ្ចាក់ថា ជនសង្ស័យ២នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ព្រុំ សារិទ្ធ ហៅ ហាន ភេទប្រុសអាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ទី២ឈ្មោះ វង្ស សុជាតិ ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
រីឯជនរងគ្រោះ ឈ្មោះ ហ៊ សុទ្ធី ភេទប្រុសអាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៦គ ផ្លូវលេខ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយបាត់បង់សម្ភារៈមានដូចជា៖ ខ្សែកផ្លាកទីនទម្ងន់០៦ជី ចំនួន០៣ខ្សែ កងដៃផ្លាកទីនដាំត្បូងទម្ងន់ មួយតម្លឹង ចិញ្ជៀនផ្លាកទីន០១វង់ ទម្ងន់០៥ ជី ក្រវិលផ្លាកទីនស ទម្ងន់០៣ ជី ។ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ ។ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យព្រហ្មកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ធ.ដ