ប្ដីដឹកប្រពន្ធមកពីលេងផ្ទះមីង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្រពន្ធ ប្ដីរបួសស្រាល
ភ្នំពេញ ៖ នារីម្នាក់ត្រូវជាប្រពន្ធបានបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ឯបុរសជាប្ដីរងរបួសស្រាល បន្ទាប់មកពីលេងផ្ទះមីងវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។
សពជនរងគ្រោះមានឈ្មោះ ជា ស្រីលីង ភេទ ស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅ ផ្ទះជួល ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ និងមានស្រុកកំណើតនៅភូមិវៀល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។ រីឯប្តី របួសស្រាលមានឈ្មោះ វ៉ាន់ លីណា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅ ភូមិជាមួយគ្នាមាន ស្រុកកំណើតនៅ ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម ។
តាមសម្ដីជនរងគ្រោះបុរសជាប្ដី បានប្រាប់ទាំងទឹកភ្នែកថា រូបគាត់ និងភរិយាបានឌុបគ្នាមកពីលេងផ្ទះមីង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង បំណងទៅផ្ទះជួលវិញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកFUSO ប្រភេទក្រឡុកសុីម៉ង់ ពណ៌ក្រហមលាយទឹកប្រាប់ ពាក់ស្លាកលេខភ្នំពេញ 3A-3143 បានបើកស្របទិសគ្នាមកពីក្រោយ ហើយទាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យដួល ដែលធ្វើឲ្យនារីជាប្រពន្ធដែលមិនបានពាក់មួកសុវត្តិភាពបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗ រីឯបុរសជាប្ដីដែលបានពាក់មួកសុវត្តិភាពរងរបួសស្រាល ។
ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កមិនបានឈប់នៅនឹងកន្លែងនោះទេ ដោយព្យាយាមបើករត់គេចបានប្រហែលជិត១គីឡូម៉ែត្រក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានរថយន្ត តែតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ។ ឯសពនារីរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យប្ដី និងសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ធ.ដ