រដ្ឋមន្ត្រីក្រសួងកសិកម្ម អមដំណើរដោយគណៈអភិបាលខេត្តព្រៃវែង ចុះពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តម ជា សុមេធី  គណអភិបាលខេត្តព្រៃវែង អមដំណើរដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបន្តចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាកន្លែងចាប់ផ្តើមនៃភាពជោគជ័យរបស់អ្នកចិញ្ជឹមត្រី កន្ធាយ និងកង្កែបទាំង៣ខេត្ត មាន៖ ខេត្តពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង ដោយសារបានទទួលយកបច្ចេកទេសចិញ្ចឹម ផលិតចំណី បង្កាត់ ពូជ ពីមជ្ឈមណ្ឌលមួយនេះ។
 លោក ម៉េង សុថៃ ប្រធានមជ្ឈមណ្ឌល បានជម្រាបជូនឯកឧត្តមទំាង២ជ្រាបថា មជ្ឈមណ្ឌលនេះមានផ្ទៃដីជាង ១៦ហ.ត ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អាគារភ្ញាស់ អាគារស្នាក់នៅ និងមន្ទីរពិសោធន៍។ ភារកិច្ចសំខាន់ បួន របស់មជ្ឈមណ្ឌលគឺទី១. បន្សុតនិងបង្កាត់ពូជ និងអភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ ទី២. សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ និងទី៣. បណ្តុះបណ្តាលបច្ចេកទេសដល់ប្រជា កសិករ និងទី៤ ផ្តល់ប្រឹក្សាយោបល់អំពីបញ្ហាផ្សេងៗដែលកើតមាននៅក្នុងផលិតកម្មវារីវប្បកម្ម។ បច្ចុប្បន្ន មជ្ឈមណ្ឌលកំពុងធ្វើការសិក្សាស្រាវជ្រាវ បង្កាត់ ពូជត្រីដោយបានចែកចេញជាត្រីផលិតកម្មមានដូចជាត្រីពោ ត្រីប្រា ត្រីអណ្តែងរឹង អណ្តែងទន់ ត្រីឆ្ពិន ត្រីកាប បង្កង និងកង្កែប។
មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនឹងធ្វើការពង្រីកសក្តានុពលផលិតកូនត្រីឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ និងបន្តពង្រីកការងារផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មទំនើបទាន់ សម័យទាំងការភ្ញាស់ ចិញ្ចឹម និងចំណី ជូនដល់អ្នកចិញ្ចឹម។
បន្ទាប់ពីបានចុះពិនិត្យមជ្ឈមណ្ឌលរួច ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីដែលបានខិតខំប្រឹងប្រែង តស៊ូក្នុងស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មជ្ឈមណ្ឌលឲ្យមានការរីកចម្រើនស្របតាមការអភិវឌ្ឍវារីវប្បកម្មនាពេលបច្ចុប្បន្ន។ មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី ឯកឧត្តមសុំឲ្យមជ្ឈមណ្ឌលគិតគូពីការធ្វើពាណិជ្ជកម្ម គឺមានន័យថា បង្កាត់ពូជ ចិញ្ចឹម និងធ្វើអាជីវកម្មដើម្បីបង្កើតប្រភពចំណូលយកមកបំពេញ បន្ថែមនូវតម្រូវការរបស់មជ្ឈមណ្ឌលទាំងបញ្ហាជីវភាព និងកិច្ចការស្រាវជ្រាវ ធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលមានការវិវឌ្ឍន៍ដោយចិរភាព និងនិរន្តរភាព ជាពិសេសលើកកម្ពស់កំរិតជីវភាពរបស់មន្រ្តីឲ្យបានល្អប្រសើរ និងធ្វើនវានុវត្តន៍ឲ្យបានសមស្របតាមកំណើនសេដ្ឋកិច្ច និងតម្រូវការស្បៀងក្នុងកាល:ទេស:ដែលប្រទេសជាតិស្ថិតក្នុងវិបត្តិកូវីដ-១៩។ គួរស្វែងរកដៃគូជាមួយក្រុមហ៊ុនឯកជន ឬកសិដ្ឋានចិញ្ចឹមត្រី ដើម្បីសហការធ្វើជាអ្នកផ្គត់ផ្គង់កូនត្រី។ ត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងបង្កើនការងារស្រាវជ្រាវ និងអភិរក្សបន្ថែមទៀត ជាពិសេសប្រភេទត្រីដែលជិតផុតពូជ និងរួមគ្នាថែរក្សាមជ្ឈមណ្ឌលទាំងមូលឲ្យបានគង់វង្ស ទុកជាប្រយោជន៍សម្រាប់បម្រើការងារស្រាវជ្រាវវិស័យវារីវប្បកម្មទាំងពេលបច្ចុប្បន្ន និងអនាគត។
ប្រធានមន្ទីរកសិកម្មខេត្ត បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា  នៅទូទាំងខេត្តព្រៃវែងមានប្រជាពលរដ្ឋធ្វើវារីវប្បកម្ម ១២០០គ្រួសារ ហើយអាចចិញ្ចឹមត្រីបានពី១២-១៤ពាន់តោនក្នុង១ឆ្នាំ។ បរិមាណនេះអាចផ្គត់ផ្គង់ឱ្យទីផ្សារក្នុងខេត្តបាន និងនាំចេញមកកាន់រាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់។
តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យជលផល ឆ្នាំ២០១៥ -២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០ កន្លងមករដ្ឋបាលជលផល ក្រសួងមានក្តីសង្ឃឹមថា នៅឆ្នាំ២០២៤ កម្ពុជាអាចផ្គត់ផ្គង់ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ប្រមាណជា ៧៤០ ០០០ តោន។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner