សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើកំណែទម្រង់សេដ្ឋកិច្ច មិនមែនមកពីហានិភ័យនៃ EBA និង GSP នោះទេ
ភ្នំពេញ៖ ថ្លែងបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយអគ្គមហាសេនាបតីព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាការកែទម្រង់សេដ្ឋកិច្ចមិនមែនមកពីហានិភ័យនៃប្រព័ន្ធគ្រោះ EBA និង GSP នោះទេ គឺដើម្បីធានាដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញនៅលើទីផ្សារអន្តរជាតិ ជាពិសេស ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨នេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមថា កម្ពុជា មិនអាចយកអធិបតេយ្យភាពរបស់ ប្រទេសទៅដោះដូរជាប្រព័ន្ធអនុគ្រោះនោះទេ ព្រោះប្រព័ន្ធអនុគ្រោះ នឹងបាត់បង់នៅពេលដែលសេដ្ឋកិច្ចកម្ពុជារឹងមាំ ហើយទោះបីជាមាន EBA ឬគ្មាន ក៏កម្ពុជានៅតែបន្តធ្វើដំណើរទៅមុខជានិច្ចតាមបំណងប្រាថ្នារបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើកម្ពុជាបន្តទទួលបានផល EBA ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ក៏វាជាឧកាសល្អប្រសើរ ប៉ុន្តែដូចខ្ញុំបញ្ជាក់រឿយៗហើយថា កម្ពុជា មិនយកឯករាជ្យ ឬអធិបតេយ្យរបស់ខ្លួន ទៅដូរជំនួយបរទេសទេ។ សម្តេចថា ការអនុគ្រោះ EBA មិនមានជាអចិន្ត្រៃយ៍នោះឡើយ ពោល វានឹងបាត់បង់នៅពេលកម្ពុជាចាកចេញពីប្រទេសក្រីក្រ និងអាចដើរបានដោយខ្លួនឯង។
សូមបញ្ជាក់ថា វេទិកានេះ មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជន ដែលកំពុងវិនិយោគ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា។ វេទិកានេះ ក៏មានការជជែកដោយបើកចំហររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នករកស៊ីនៅកម្ពុជាទៅបញ្ហាពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចជាដើម។
នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្រប សម្រួលផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានឱ្យដឹងថា កាលពី ២០ ឆ្នាំមុន គឺនៅឆ្នាំ១៩៩៩ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើត ឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ គឺជាយន្តការប្រឹក្សាយោបល់ដ៏មានប្រសិទ្ធភាព ក្នុងការប្រមូលយក ធាតុចូលពីវិស័យឯកជន ទាក់ទិននឹងគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិនានា ហើយបានចូលរួមចំណែកលើកកម្ពស់ បរិយាកាសវិនិយោគ និងធុរកិច្ច។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០០៨ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ការិយាល័យសម្របសម្រួល ផ្នែកឯកជន របស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានផ្ទេរពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ឲ្យមកស្ថិតក្រោម សភាពាណិជ្ជកម្មកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចអនុញ្ញាតឲ្យបង្កើតក្រុមការងារថ្មីចំនួន៣បន្ថែមទៀត គឺ ១)ក្រុមការងារវិស័យអប់រំ ២)ក្រុមការងារវិស័យសុខាភិបាល និង៣)ក្រុមការងារវិស័យ សំណង់ និងអចលនទ្រព្យ។ កំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលថ្មីៗនេះ នឹងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរ និងផ្តល់នូវកំណើនថ្មី។ ធុរជន និងវិនិយោគិន នឹងបន្តប្រកបអាជីវកម្ម និងវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងចូលរួមចំណែកសម្រេចឲ្យបាន នូវទស្សនវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕ធ.ដ