ប្រជាពលរដ្ឋភូមិសំរោងក្រោម ឃាត់ខ្លួនតាម្នាក់ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីសុរិយោដី ដើរទារលុយថ្លៃសាងសង់ ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ តាម្នាក់ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីសុរិយោដី ត្រូវបានអ្នកភូមិសំរោងក្រោម ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍សំរោងក្រោម ពេលកំពុងដើរគោះយកលុយអ្នកភូមិថ្លៃសេវាសាងសង់ផ្ទះ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលប្រជាពលរដ្ឋឃាត់ខ្លួនរូបគាត់ គឺដោយសារបុគ្គលនេះ គ្រងឯកសណ្ឋានជាមន្ត្រីសុរិយោដីបន្លំខ្លួនដើរជម្រិតទារប្រាក់ពីអ្នកភូមិសំរោងក្រោម ថ្លៃសេវាសាងសង់សំណង់។ ដោយពលរដ្ឋនៅទីនោះ មានខ្សែស្រឡាយធ្វើការនៅខាងមន្ទីរសុរិយោដី ទើបឆែករកឈ្មោះតាខាងលើនេះគ្មាននៅក្នុងក្របខណ្ឌសុរិយោដី ទើបពួកអ្នកភូមិនាំគ្នាឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍សំរោងក្រោមយកទៅធ្វើការសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច តាបានសារភាពថា រូបគាត់ពុំមែនជាមន្ត្រីសុរិយោដីនោះទេ តែមូលហេតុដែលរូបគាត់ប្រព្រិត្តអំពើបែបនេះ គឺដោយសារតែជីវភាពគ្រួសាររបស់គាត់ខ្វះខាត ហើយមានជំងឺទឹកនោមផ្អែមផង ទើបសម្រេចចិត្តធ្វើបែបនេះ ដើម្បីបានលុយកាក់ខ្លះយកទៅព្យាលបាលជំងឺប្រចាំកាយរបស់គាត់។ សមត្ថកិច្ចបានឱ្យដឹងថា គាត់ឈ្មោះ តាយ អេង អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។ បច្ចុប្បន្ន តាម្នាក់នេះ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី៕ម.ន