យានអវកាសខូចពីអតីតសហភាពសូវៀត ត្រូវគេរំពឺងថា នឹងធ្លាក់មកលើផែនដីវិញនៅឆ្នាំ២០១៩នេះ
រុស្ស៊ី៖ យោងតាមគេហទំព័រព័ត៌មានអវកាស ស្ពេស បានឱ្យដឹងថា យានអវកាសមួយគ្រឿង ដែលសូវៀតមានគោលដៅបញ្ជូនទៅកាន់ភពសុក្រ (Venus) កាលពីទសវត្សរ៍១៩៧០ អាចនឹងធ្លាក់ចូលក្នុងផែនដីនាឆ្នាំ២០១៩នេះ ប៉ុន្តែគេពុំទាន់មានការបញ្ជាក់ច្បាស់លាស់នោះឡើយ។ បើតាមការទស្សទាយរបស់ក្រុមអ្នកជំនាញនោះ ឆាប់បំផុតគឺខ្មោចយានអវកាស ខូសស្មូស ៤៨២ (Cosmos 482) អាចនឹងធ្លាក់ចូលមកក្នុងបរិយាកាសផែនដីនៅចុងឆ្នាំនេះ ឬក៏ពាក់កណ្តាលឆ្នាំក្រោយ។ យាននេះមានទម្ងន់សរុប១,១៨០គីឡូក្រាម ដែលអាចធ្លាក់ចូលទៅក្នុងមហាសមុទ្រជាជាងលើដី ហើយបំណែករបស់វាជាច្រើនត្រូវគេរំពឹងថា មិនងាយនឹងឆេះរលាយក្នុងបរិយាកាស ដូចយានមួយចំនួននោះឡើយ ព្រោះវាជាយានពិសេស ដែលប្រើសម្រាប់ស្រាវជ្រាវភពសុក្រ។
សូមរំលឹកថា កាលពីអំឡុងការរត់ប្រណាំងវិស័យអវកាសនៃសម័យសង្រ្គាមត្រជាក់រវាងសហភាពសូវៀត និងសហរដ្ឋអាម៉េរិក សូវៀតបានបាញ់បញ្ជូនយានអវកាសមួយគ្រឿងមានឈ្មោះថា ខូសស្មូស ៤៨២ (Cosmos 482) ដើម្បីឆ្ពោះទៅកាន់ភពសុក្រ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៧២ ប៉ុន្តែយាននេះបានជួបបញ្ហាផ្នែកម៉ាស៊ីនរ៉ុក្កែត ដែលធ្វើឲ្យវាមិនអាចចេញផុតពីគន្លងកម្រិតទាបរបស់ផែនដី ហើយក៏នៅជាប់ក្នុងគន្លងនៃភពរបស់យើងរហូតមកដល់សព្វថ្ងៃនេះ៕ម.ន