វេទិកាស្តីពីការប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីនារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ បានរៀបចំបិទវេទិកាស្តីពីការប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើម២០១៩ ក្រោមអធីវតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយសមាជិក សមាជិកា ដែលជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី បងប្អូនប្រជាកសិករ សមាជិកសហគមន៍ប្រមាណ៣០០នាក់ចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានជម្រាបជូនអង្គវេទិកាថា នេះជាលើកទី៤ហើយ ដែលអគ្គនាយកដ្ឋានកសិកម្មបានរៀបចំវេទិកានេះឡើង ក្នុងគោលបំណងគឺ ដើម្បីធ្វើការប្រកួតប្រជែង និងជ្រើសរើសសហគមន៍កសិកម្មឆ្នើមប្រចាំឆ្នាំទូទាំងប្រទេស រួចផ្តល់រង្វាន់លើកទឹកចិត្តជូនដល់សហគមន៍កសិកម្ម ដែលបានឈ្នះជ័យលាភី។ សហគមន៍ដែលទទួលបានជ័យលាភី គឺសំដៅដល់សហគមន៍កសិកម្ម ដែលមានស្នាដៃល្អ ក្នុងការគ្រប់គ្រង មានគំនិតច្នៃប្រឌិតប្រកបដោយភាពម្ចាស់ការ ជឿជាក់ ច្បាស់លាស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មី សាមញ្ញ និងសមស្របទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ សហការរៀបចាំឲ្យមានវេទិកានេះឡើង និងបានកោតសរសើរចំពោះសហគមន៍កសិកម្មទាំងអស់ ដែលបានអញ្ជើញចូលរួមប្រកួត ប្រជែងរហូតទទួលបានជ័យជម្នះ និងបានលើកទឹកចិត្ត និងគាំទ្រចំពោះសហគមន៍ ដែលបរាជ័យនាថ្ងៃនេះឲ្យខិតខំបន្ថែមទៀត ដោយនាំយកបទពិសោធន៍ មេរៀន និងមិត្តភាពល្អៗទៅជាមួយដើម្បីធ្វើការកែលម្អ ហើយសង្ឃឹមថាឆ្នាំបន្តបន្ទាប់នឹងទទួលបានជោគជ័យជាមិនខាន។

ឯកឧត្តមបានបន្តទៀតថា វេទិកានេះពិតជាបានបង្ហាញឲ្យឃើញអំពីការចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ស្របតាមបរិបទសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន សាកលភាវូបនីយកម្ម ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ចសង្គមនៅជនបទ ការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង។ ឯកឧត្តមបន្តថា កត្តាទាំងនេះបាននិងកំពុងជំរុញឲ្យវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ប្រជាកសិករ និងសហគមន៍កសិកម្ម ចូលរួមយ៉ាងសស្រោកសស្រាំ បន្តអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន។ 

ឯកឧត្តមបានបញ្ជាក់ទៀតថា និយាយរួមវេទិកានេះ គឺជាឱកាស ឬជាស្ពានតភ្ជាប់រវាងតួអង្គ៣សំខាន់គឺ សហគមន៍ សហគ្រាសខ្នាតតូច និងមធ្យម (SME) និងវិស័យឯកជន តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីលើកកម្ពស់ផលិតភាព ផលិតកម្មគុណភាព ការប្រើប្រាស់បច្ចេកវិទ្យាបៃតង សមស្រប ប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផល លើកកម្ពស់ការសម្រួលពាណិជកម្ម និងការទទួលបានទីផ្សារកសិផល ផ្ទេរបច្ចេកវិទ្យាដល់កសិករ សហគ្រាសខ្នាតតូច និងមធ្យមសម្រាប់ជាទុន ក្នុងការធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ សមស្របតាមស្តង់ដារទីផ្សារក្នុងតំបន់ ការប្រកួតប្រជែង និងគោលការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner