បណ្ឌិត្យសភានគរបាលកម្ពុជា ប្រាព្ធពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ០៨មីនា ឆ្នាំ២០១៩
បើទោះបីថ្ងៃ០៨ មីនា ជាទិវាដែលនារីមានសិទ្ធិ មានន័យថា នារីមានសិទ្ធិតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃ០៨ មីនា ហើយបុរសត្រូវប្រគល់សិទ្ធិគ្រប់បែបយ៉ាងដល់នារីនៅថ្ងៃទី០៨មីនានេះ។ ហេតុនេះទើបយើងមិនប្រើពាក្យជាផ្លូវការថា ទិវាសិទ្ធិនារី នោះទេ គឺយើងប្រើពាក្យជាផ្លូវការថា “ទិវាអន្តរជាតិនារី ០៨មីនា”។ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី បន្តថា ពិធីអបអរសាទរទិវាអន្តរជាតិ០៨មីនា ត្រូវបានប្រារព្ធធ្វើឡើងជាផ្លូវការនៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ជារៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា តាមការកំណត់របស់ក្រសួងកិច្ចការនារី ដោយមានព្រះរាជសារគាំទ្ររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិរាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលនយោបាយបញ្ជ្រាបយេនឌ័រ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់នារី ដែលតួអង្គសំខាន់មិនអាចខ្វះបាន ក្នុងការងារអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ព្រមទាំងបន្តលើកកម្ពស់សមធម៌យេនឌ័រ ជំរុញភាពអង់អាចរបស់ស្រ្តីក្នុងសេដ្ឋកិច្ច ការបណ្តុះបណ្តាល បំពាក់បំប៉នជំនាញបច្ចេកទេស និងផ្តល់កាលានុវត្តភាពរបស់ស្រ្តី ក្នុងការពង្រឹងមុខរបរ បង្កើនចំណូល និងការកសាងសហគ្រិនភាព បង្កើនឱកាសរៀនសូត្រ សម្រាប់ស្រ្តី និងក្មេងស្រី ពិសេសនៅកម្រិតសិក្សាទុរិយ្សភូមិ និងឧត្តមសិក្សា ស្របតាមខ្លឹមសារប្រធានបទឆ្នាំនេះ។
ឯកឧត្តមមានប្រសាសន៍ទៀតថា ទិវាអន្តរជាតិ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ដែលបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កលក្ខណៈឲ្យស្រ្តីក្លាយជាកម្លាំងចលករដ៏សកម្មក្នុងកិច្ចអភិវឌ្ឍន៍សង្គម។ ប្រធានបទនេះគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដើម្បីធានាថា “មិនទុកនរណាម្នាក់ឲ្យនៅឯកោ” និងធានាបានថា ស្រ្តី និងក្មេងស្រីកម្ពុជា គ្រប់រូបនឹងទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច ហើយរំលេចជូនសង្គមខ្មែរយើងឲ្យយល់ថា សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងផ្តល់ការគាំពារដល់សង្គម និងប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ជាកត្តាចាំបាច់បំផុត ធានាបាននូវដំណើរការសង្គមប្រកបដោយសេចក្តីសុខដុមរមនា៕ម.ន