ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានដេញវាយជនរងគ្រោះរហូតដល់ស្លាប់
បន្ទាយមានជ័យ៖ ក្រោយពីមានបណ្តឹងពីស្ត្រីឈ្មោះ នឹង សំណាង អាយុ៣៤ឆ្នាំ នៅភូមិនៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ដែលជាម្តាយ របស់ជនរងគ្រោះឈ្មោះ ឈើយ ថន ភេទប្រុសអាយុ១៥ឆ្នាំ ដោយប្តឹងថាកូនរបស់គាត់ពុំមែនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្រសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្ទាយមានជ័យ ។
កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដោយនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលការងារព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេតលើករណីស្លាប់ ជនរងគ្រោះឈ្មោះឈើយ ថន កាលពីយប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងត្បូងគោកពង្រ ស្ថិតក្នុងភូមិភាសខាងត្បូង ឃុំ សារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ទាក់ទិននឹងបើកការស៊ើបអង្កេតនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោមគ្នីគ្នា២០នាក់មកសាកសួរចម្លើយនៅស្នងការដ្ឋាន នៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០ ។
លោកវរសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា៖ជនសង្ស័យដែលធ្វើការឃាត់ខ្លួន ១/-ឈ្មោះណាត ដូច ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ,២/-ឈ្មោះ ភាព ចាន់យ៉ាក់ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រ ព្រះ ,៣/-ឈ្មោះសឿត ចិត្ត ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។
ជនសង្ស័យទាំង០៣នាក់នេះ ក្នុងចំណោមបក្សពួកគេ២០នាក់ ដែលជាក្រុមកាងស្រីក្នុងភូមិ កាលពីយប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០កន្លងមកនេះ បានធ្វើសកម្មភាពជិៈម៉ូតូដេញតាមវ៉ៃ ក្រុមជនរងគ្រោះដែលជិៈម៉ូតូ០១គ្រឿងមានគ្នីគ្នា០៣នាក់ ពីវត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ដោយមានការភ័យខ្លាចនិងក្រុមជនបង្កល្មើសដែលបើកម៉ូតូតាមប្រកិតៗនោះ ក្រុមជនរងគ្រោះបានបើកម៉ូតូព្យាយាមគេចខ្លួន រហូតដល់ចំណុចគោកពង្រខាងត្បូង ស្ថិតក្នុងភូមិភាសខាងត្បូង ឃុំសារង្គ ស្រុកស្វាយចេក ម៉ូតូជនរងគ្រោះបានធ្លាក់គ្រឡុកវេចង្កូតធ្លាក់ប្រឡាយ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ឈើយ ថន ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ អ្នកបើកម៉ូតូ បាក់កស្លាប់ ចំណែកអ្នករួមដំណើរ ១/-ឈ្មោះ កាយ យ៉ាន់ ភេទប្រុសអាយុ១៤ឆ្នាំនិង២/-ឈ្មោះ នី វណ្ណថៃ ភេទប្រុសអាយុ១៥ឆ្នាំទាំង០២នាក់ នៅភូមិកន្ត្រង់ឃុំ សារង្គ សន្លប់ ។
លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ទទួលាការងារ នគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួននិងបក្សពួកគេប្រមាណជា២០នាក់ ជិៈម៉ូតូចំនួន១០គ្រឿង បានធ្វើសកម្ម ភាពដេញវាយក្រុមជនរងគ្រោះជិៈម៉ូតូ០១គ្រឿងនោះពិតមែន ពេលដេញតាមវៃដល់ចំណុចខាងត្បូងភូមិភាស ស្រាប់តែម៉ូតូជនរងគ្រោះដួល រួចហើយពួកគេក៏នាំគ្នាជិៈម៉ូតូត្រឡប់មកវត្តខ្ចាស់វិញ។ដោយផ្អែកលើ ចម្លើយសារភាពនិងមានសាក្សីបំភ្លឺរួមទាំងបណ្តឹងរបស់ម្តាយជនរងគ្រោះ ។ ជនសង្ស័យទាំង០៣នាក់ និងបក្សពួកគេផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ដោយសារមរណភាពជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កម្លាំងនគរ បាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ចំណែកបក្ខពួកគេនៅសែសសល់កម្លាំងនគរបាលបន្តស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនយកមក ផ្តន្ទាទោសតាមច្បាប់ដោយមិនទុកឲ្យពួកគេបង្កព្យុះភ្លៀង ដែលធ្វើឲ្យល្អក់កករក្នុងសង្គមនោះឡើយ៕ធ.ដ
ដោយ:ឃិន គន្ធា