មន្ត្រីសាខា ក.ប.ប ប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក ខៀវ បញ្ញាវឌ្ឍន៍ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរផ្សារក្រឡាញ់ បានចុះត្រួតពិនិត្យរកភាពមិនប្រក្រតីលើផលិតផលម្ហូបអាហារ
សៀមរាប៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប សហការេជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរផ្សារក្រឡាញ់ បានចុះត្រួតពិនិត្យរកភាពមិនប្រក្រតីលើផលិតផលម្ហូបអាហារ នៅក្នុងផ្សារក្រឡាញ់ ដែលស្ថិតភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងដេប៉ូមួយចំនូនដែលនៅក្បែរផ្សារ នាព្រឹកថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២០នេះ ។
លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប បានមានប្រសាសន៏ថា ការចុះប្រតិបត្តិការណ៏នេះ ក្នុងគោលបំណង ដើម្បីស្វែងរកភាពមិនប្រក្រតីទៅលើម្ហូបអាហារ និងបទដ្ឋានសុវត្ថិភាពនិងអនាម័យម្ហូបអាហារ យើងបានធ្វើតេស្ត៍រកសារធាតុគីមីហាមឃាត់ លើមុខទំនិញម្ហូបអាហារដែលជាគោលដៅពិនិត្យគុណភាពសំបកវេចខ្ចប់ ស្លាកសញ្ញា និងកាលបរិច្ឆេទលើទំនិញហូបចុក និងទិញទំនិញមួយចំនួនទៀត សម្រាប់ជាជាគំរូយកទៅធ្វើតេស្ត៍នៅសាខា ដើម្បីស្វែងរកប្រភពចែកចាយមិនប្រក្រតីក្នុងករណីដែលការពិសោធន៍រកសារធាតុគីមីនោះ។
ជាលទ្ធផលគឺយើងទទួលបានពីការធ្វើតេស្តលើមុខទំនិញរួមដូចជា៖ គុយទាវ, មីលឿង, សណ្ដែកបណ្ដុះ, ប្រហុក, ផ្អក, ជ្រក់ស្ពៃ, ជ្រក់ត្រពាំង, ប្រហិត, បង្កា សរុបចំនួន ១៤គំរូ គឺពុំមានបញ្ហាអ្វីឡើយ និងទិញចំនួន០២គំរូទៀត ដូចជា ពពុះសណ្ដែក, អំបិល សម្រាប់យកទៅពិសោធន៏ធ្វើតេស្តនៅសាខាផងដែរ។
លោក បានបន្តថា មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ដែលក្រុមការងារយើងបានរឹបអូសសរុបចំនួន ៩៥៥០ក្រាម ដើម្បីធ្វើការដុតកំទេចចោលនៅនឹងកន្លែងតែម្តង ហើយក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ធ.ដ
ដោយ ស៊ាន សុផាត