អាជ្ញាធរស្រុកសេសាន រៀបចំយន្តការអភិរក្សសត្វស្លាប (ននៀលខ្យង) នៅតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោម២
អាជ្ញាធរស្រុកសេសាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅឃុំក្បាលរមាស និងឃុំស្រែគរ ជាពិសេសប្រជានេសាទ ឲ្យជួយអភិរក្សសត្វស្លាប(ននៀលខ្យង)នៅតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោមពីរ ដើម្បីរក្សាវត្តមានសត្វទាំងនេះ ឲ្យបាននៅយូរអង្វែង ។
ក្នុងសកម្មភាពចុះល្បាតនៅតាមភូមិសាស្ត្រតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោមពីរ កាលពីពេលកន្លងទៅ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ ពពួកសត្វស្លាបជាច្រើនប្រភេទនៅឆ្នាំ២០២០នេះ មានវត្តមានកាន់តែច្រើនឡើង ដូចជាសត្វក្អែកទឹក.សត្វស្មោញ សត្វននៀលខ្យង និងកុក បានមករស់នៅតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោមពីរ ហើយអាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធបាននឹងកំពុងរៀបយន្តការអភិរក្ស ។ លោកអភិបាលស្រុកបន្តថា៖ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចស្រុក កំពុងសហការជាមួយមន្ត្រីជលផល ក្នុងការអភិរក្សទាំងត្រីមេពូជនិងពពួកសត្វស្លាបផងដែរ ។ ដូចនេះអាជ្ញាធរឃុំស្រែគរ និងឃុំក្បាលរមាស ត្រូវពិនិត្យមើលឲ្យបានដិតដល់ ហាមមិនឲ្យមានអ្នកបាញ់យកមកធ្វើជាចំណីអាហារ ព្រោះសត្វទាំងនេះវាកំពុងស្វែងរកទីតាំង ដែលមានចំណី និងកន្លែងសុវត្ថិភាពរស់នៅមានភាពសុខសាន្ត ។
លោក រឿន សម្បត្តិ មេឃុំក្បាលរមាសបានអះអាងថា៖ ថ្មីៗនេះអាជ្ញាធរបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងច្បាប់ការពារធនធានធម្មជាតិរួចមកហើយ ជាពិសេសបានណែនាំផ្ទាល់ហាមសម្លាប់សត្វព្រៃយកធ្វើជាអាហារ ។ លោកថា:ពពួកសត្វ ននៀលខ្យង.កុក.ក្អែកទឹក.ស្មោញ សត្វទាំងនេះវាមិនឆ្ងាញ់ដូចមាន់យើងចិញ្ចឹមនោះទេ ហើយនៅតំបន់នេះ ក៏សម្បូរត្រីផងដែរ ដូចនេះបើជនណាមួយហាមមិនស្តាប់អាជ្ញាធរ នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ហើយ ។
លោក សាលីម តំណាងប្រជានេសាទនៅភូមិច្រប់ ឃុំក្បាលរមាស បានគាំទ្រចំពោះយន្តការនេះ ដើម្បីថែរក្សាពពួកសត្វស្លាបទាំងនេះ នឹងជួយផ្សព្វផ្សាយតៗគ្នាឲ្យជួយអភិរក្ស និងហាមការចូលទៅនេសាទជិតតំបន់វារស់នៅ ។
សូមបញ្ចាក់ថា៖ នៅឆ្នាំ២០២០នេះ ពពួកសត្វននៀលខ្យង.កុក.ក្អែកទឹក.ស្មោញបានមករស់នៅតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោមពីរនេះច្រើនណាស់ ពីព្រោះនៅតំបន់នេះ សម្បូរចំណីរបស់វា ដូចជា ពពួក ត្រីល្អិត ខ្យង ខ្ចៅ និងលៀស ជាដើម ៕ ដោយ: ដេង មាវិន