រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឥណ្ឌាបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ RCEP នៅចុងឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រទេសឥណ្ឌាខិតខំពន្លឿនការចរចាបញ្ចប់កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) នៅត្រឹមចុងឆ្នាំ២០១៩នេះ ទៅតាមការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសចូលរួម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា ឱ្យបានដល់ទឹកប្រាក់ ២០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។
ឯកឧត្តបានលើកសំណើនេះឡើង នៅក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ក្រោមប្រធានបទ «កិច្ចសហការបង្កើតអនាគត» ដែលរៀបចំឡើង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីឧត្តមមន្ត្រីនៃប្រទេស RCEP តំណាងអង្គការអន្តរជាតិ និងវិស័យឯកជនសរុបជាង១ពាន់នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា ដែលបានចាប់ផ្តើមចេញពីដៃគូសន្ទនាតាមវិស័យ រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ហើយបច្ចុប្បន្នទំនាក់ទំនងនេះ កំពុងត្រូវបានពង្រឹង និងពង្រីកថែមទៀត តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ដូចជា RCEP ជាដើម។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «ដើម្បីធានាបានស្ថិរភាពកំណើនសេដ្ឋកិច្ច វាពិតជាមានសារៈសំខាន់ ដែលយើងត្រូវបង្កើន និងជំរុញពាណិជ្ជកម្មសេរីនៅក្នុងតំបន់ ដែលជួយបង្កើតឱកាសធុរកិច្ច និងវិនិយោគ។ ខ្ញុំសូមជម្រាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា សម្រេចបាន ១២៦លានដុល្លារ ខណៈដែលទឹកប្រាក់វិនិយោគ មានប្រហែល ២០លានដុល្លារ»។
សូមជម្រាបថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា (AIFTA) បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០ បានធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគី និងទឹកប្រាក់វិនិយោគផ្ទាល់ (FDI) ពីប្រទេសឥណ្ឌា មកកាន់ប្រទេសអាស៊ាន មានវឌ្ឍនភាពជាលំដាប់។ ជាក់ស្តែង ទឹកប្រាក់វិនិយោគផ្ទាល់ពីឥណ្ឌា មកកាន់អាស៊ាន បានកើនឡើងពី ១,៤៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ១,៧៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា សម្រេចបានទឹកប្រាក់ ៧៣,៥៩ពាន់លានដុល្លារ គឺកើនឡើង ២៥,៥% ធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៥៨,៦ពាន់លានដុល្លារ ប៉ុណ្ណោះ៕ធ.ដ