កម្ពុជា និងវៀតណាមយល់ព្រមភាពអនុគ្រោះពន្ធសូន្យភាគរយឆ្នាំ២០១៩និង២០២០
វៀតណាម និងកម្ពុជាប្រកាសពីការផ្ដល់ភាពអនុគ្រោះពន្ធ០%សម្រាប់ទំនិញ គ្នាទៅវិញទៅមក ក្នុងឆ្នាំ២០១៩ និង២០២០។ ការប្រកាសស្ដីពីការអនុគ្រោះពន្ធនោះ ធ្វើឡើងក្នុង ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជាមួយគណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដូ វឹកហឹង នៅរសៀលថ្ងៃ១៣កុម្ភៈ។ ក្នុងជំនួបនោះ លោក ដូ វឹកហឹង បានឯក ភាពផ្តល់ភាពអនុគ្រោះពន្ធអត្រាសូន្យភាគរយ សម្រាប់ទំនិញកម្ពុជាចំនួន៣២បន្ទាត់ពន្ធគយ រួមជាមួយកូតា នាំចូលអង្ករចំនួន៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់៣ពាន់តោន នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ រីឯភាគីកម្ពុជា បាន ផ្តល់ភាពអនុគ្រោះពន្ធអត្រាសូន្យភាគរយដូចគ្នា ដល់ទំនិញវៀតណាមចំនួន ២៦បន្ទាត់ពន្ធគយ។ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានទឹកប្រាក់ ៣ពាន់៨០០លានដុល្លារ គឺ បានកើនឡើង ២៩% ធៀបនឹងឆ្នាំ២០១៦។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៨ មានជាង៣ពាន់លានដុល្លារ ក្នុងនោះវៀតណាមនាំចូលមកកម្ពុជាមានចំនួន២ពាន់២៥០លានដុល្លារ និងកម្ពុជានាំចេញទៅវៀតណាមជាង៨០០លានដុល្លារ។ ទំនិញសំខាន់ៗដែលវៀតណាមនាំចូលមកកម្ពុ ជារួមមានដែក ប្រេងឥន្ទនៈ ផលិតផលសម្លៀកបំពាក់ និងផលិតផលស្បែកជាដើម។ ចំណែកផលិតផលសំខាន់ៗ ដែលកម្ពុជានាំចូលទៅវៀតណាមរួមមាន គ្រាប់ស្វាយចន្ទី កៅស៊ូ ផលិតផលធ្វើ ពីឈើ និងដំឡូងមីជាដើម។ កម្ពុជា និងវៀតណាមប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២ឲ្យដល់៥ពាន់ លានដុល្លារនៅឆ្នាំ២០២០៕