ទីបំផុត ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ត្រូវបានផ្សឹកនៅវត្តបទុមវត្តី
ភ្នំពេញ៖ នៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះតេជគុណ ហោ សុខុន ត្រូវបាននាំខ្លួនចេញពីវត្តច្បារអំពៅទៅកាន់វត្តបទុមវត្តីដើម្បីផ្សឹក បន្ទាប់ពីមិនគោរព និងធ្វើការណែនាំពីសំណាក់អាជ្ញាធរ និងមន្ទីរធម្មការ។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីពាក់ព័ន្ធ មានដូចជា អភិបាលរាជធានីភ្នំពេញ និងប្រធានមន្ទីរធម្មការគណៈសង្ឃ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅធ្វើការណែនាំ និងបានស្នើឲ្យព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅបញ្ឈប់ការLive មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិតទៅទៀត។
ការចុះណែនាំខាងលើ បានធ្វើឡើងបន្ទាប់ពីព្រះតេជគុណ ហោ សុខុន បន្តធ្វើការLiveវីដេអូ បកស្រាយពាក់ព័ន្ធនឹងការសសើរ និងលើកឡើងអំពីស្នាដៃរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ លើផេកផ្លូវការសម្តេចក្រឡាហោម ស ខេង បានបង្ហោះសារជា សំណេរឆ្លើយតបទៅកាន់ផេកព្រះតេជគុណហោ សុខុន (Facebook Page: Hor Sokhon) បន្ទាប់ពីសម្តេចបានអានសារនៅលើផេកហ្វេសប៊ុករបស់ព្រះតេជគុណ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។ សម្តេចក្រឡាហោម ស ខេង យល់ថា ពាក្យពេចន៍ក្នុងសារនៅលើផេករបស់ព្រះតេជគុណហោ សុខុន ដូចជាបានធ្លាក់ចូលក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិត ដែលតែងតែមានបំណងចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ព្រះតេជគុណ ហោ សុខុន ដែលមានFacebook Page: Hor Sokhon បានបង្ហោះសសើរ និងលើកតម្កើងហួសនិស័្សយអំពីស្នាដៃសម្តេចក្រឡាហោម ស ខេង ថា៖ «ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធEBAរបស់សភាអឺរ៉ុបផងដែរ ជាពិសេសអាចបញ្ឈប់ការជ្រៀតជ្រែកពីបរទេស លូកដៃចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា»និងមានខ្លឹមសារជាច្រើនទៀត។ ភ្លាមៗក្រោយពីមានការឆ្លើយតបរបស់សម្តេចក្រឡាហោម ស ខេង និងការសរសើរលើកតម្កើងហួសនិស័្សយមួយនេះ ព្រះតេជគុណ ហោសុខុន ក៏បានបន្តLive មានសង្ឃដីកា និងបកស្រាយពាក់ព័ន្ធនឹងរឿងខាងលើដដែល៕ម.ន