បើករថយន្តបត់ឆ្លងផ្លូវលឿនពេក ជ្រុលទៅខឿនផ្លូវក្រោមស្ពានអាកាស៥មករា រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តព្រូសមួយគ្រឿងបត់ស្តាំដៃឆ្លងផ្លូវយ៉ាងលឿន ហើយបួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវក្រោមស្ពានអាកាស៥មករា បណ្តាលឲ្យខឿនផ្លូវបែក និងរបើកឥដ្ឋការូមួយចំនួន ចំណែករថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនឹងផ្លូវ២៨៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-0507ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី  ខាងក្រោមស្ពានអាកាស ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ស្តាំដៃមកផ្លូវ២៨៩ក្នុងល្បឿនលឿន បួងចង្កូតមិនទាន់ក៏ជ្រុលបុកខឿនផ្លូវពេញទំហឹង បណ្តាលឲ្យបែកខឿនផ្លូវ និងរបើកការូមួយចំនួន ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ រីឯម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner