ប្រជាពលរដ្ឋខ្មែរឥស្លាមជាង៣០គ្រួសារ នៅក្នុងសង្កាត់ផ្សារឆ្នាំង និងសង្កាត់ខ្សាម ឆ្ងល់ថាពួកគាត់ជាជនក្រីក្រ ហេតុម្ដេចក៏មេភូមិមិនធ្វើប័ណ្ណក្រីក្រឲ្យ បែរជាអ្នកមានឡានមានផ្ទះធំៗ មួយចំនួនបានប័ណ្ណក្រីក្រទៅវិញ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋខ្មែរឥស្លាមជាង៣០គ្រួសារ អះអាងថាពួកគាត់ជាគ្រួសារក្រីក្រនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង និងនៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ បាននិយាយអោយក្រុមអ្នកយកព័ត៌មានយើងដឹងថា៖ កន្លងមកពួកគាត់រស់នៅក្នុងភូមិចុងកោះ និងភូមិទី៤ ក្រុងកំពង់ឆ្នាំង ដែលជាជនក្រីក្រពិតប្រាកដ មានចំនួនជាង៣០គ្រួសារ ខ្លះរស់នៅក្នុងកូនខ្ទម ប្រក់ស្លឹក ខ្លះប្រក់តង់កៅស៊ូ ខ្លះរស់នៅក្នុងដំបូលទូកតាមមាត់ទន្លេ គ្មានផ្ទះសម្បែងទេ ក្នុងឆ្នាំកន្លងមក និងមកដល់បច្ចុប្បន្ន មិនដែលបានទទួលប័ណ្ណក្រីក្រនោះឡើយមិនដឹងមកពីមូលហេតុអី្វ ។

ជាក់ស្តែងក្នុងពេលថ្មីៗនេះ ពួកគាត់បានទៅសុំធ្វើប័ណ្ណក្រីក្រជាមួយលោកមេភូមិចុងកោះ តែលោកមេភូមិ និយាយថាចាំវគ្គក្រោយទៅ ពេលនេះអស់ទៅហើយ។ ដោយឡែកលោកអុំម្នាក់ជាសង្គ្រាជវិហារអ៊ីស្លាម ភូមិចុងកោះ ឈ្មោះ ម៉ាត់ មាណ អាយុ៧៦ឆ្នាំបាននិយាយប្រាប់ថា៖ ពីមុនមកគាត់រស់នៅលើទូកបណ្ដែតទឹក ក្រោយពីគេអោយបន្លាស់ទីឡើងមករស់នៅលើគោក គាត់មានតែកូនខ្ទមតូច១នៅទីនេះ ហើយក្នុងពេលថ្មីៗនេះ បានគាត់ទៅសុំលោកមេភូមិចុងកោះធ្វើបានក្រីក្រ មេភូមិប្រាប់ថា ចាំវគ្គក្រោយទៅវិញ ។

លោកអុំបានបញ្ជាក់ទៀតថា នៅក្នុងភូមិចុងកោះមានខ្មែរអ៊ីស្លាមក្រីក្រពិតប្រាកដប្រមាណជាង២០គ្រួសារ ដែលមិនបានធ្វើប័ណ្ណក្រីក្រ ហេតុនេះគាត់សំណូមពរដល់អាជ្ញាធរភូមិ សង្កាត់ ក្រុង មេត្តាជួយធ្វើប័ណ្ណក្រីក្រឲ្យអ្នកក្រីក្រពិតប្រាកដដូចគាត់ផង ។ ចំណែកបុរសម្នាក់ទៀតដែលមានប្រពន្ធ និងកូន៧នាក់ក្នុងបន្ទុក រស់នៅក្នុងកូនខ្ទម ប្រក់ស្លឹក  និងកៅស៊ូតូចមួយបាននិយាយថា ពួកគាត់ក៏ជាជនក្រីក្រ ដែលពុំទាន់បានទទួលប័ណ្ណក្រីក្រនៅឡើយទេ ពេលទៅសុំលោកមេភូមិឱ្យជួយធ្វើប័ណ្ណក្រីក្រ គឺលោកមេភូមិមិនធ្វើឱ្យឡើយ ដោយប្រាប់ថា ចាំវគ្គក្រោយដដែលជាដដែលដូចតែគ្នា ។

ដោយឡែកពួកគាត់បានលើកឡើងថា៖ ប្រជាពលរដ្ឋក្រីក្រពិតប្រាកដដូចជាពួកគាត់បែជា លោកមេភូមិមិនធ្វើប័ណ្ណក្រីក្រអោយទេ តែកូនចៅបក្ខពួកលោកមេភូមិ៣គ្រួសារ មានឡានជិះ មានផ្ទះធំៗ បែរជាទទួលបានប័ណ្ណក្រីក្រទៅវិញ ។ ពាក់ពន្ធជុំវិញនឹងការលើកឡើងខាងលើនេះ ក្រោយពីប្រជាពលរដ្ឋ បានមានប្រតិកម្មកាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា  កន្លងទៅ និងក្រោយពីក្រុមអ្នកកាសែតបាន អន្តរាគមន៍ទៅលោកអភិបាលក្រុង និងលោកអភិបាលខេត្តរួចមក នៅយប់ថ្ងៃទី៣០ ខែមថុនា និងនៅព្រឹកថ្ងៃទី០១ ខែកក្កដា លោក ទូច សារ៉េត ហៅ ទុយ មេភូមិចុងកោះ បានដើរប្រាប់ប្រជាពលរដ្ឋក្រីក្រ អោយទៅដាក់ពាក្យស្នើសុំប័ណ្ណក្រីក្រនៅផ្ទះលោក ដើម្បីសុំសម្ភាសន៍ ធ្វើប័ណ្ណក្រីក្រទៅតាមប្រភេទដោយជាក់ស្តែង ។

ដោយឡែកសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំងលោកស្រី កង ឡង់ឌី ហើយក៏ជាអ្នកទទួលធ្វើការងារធ្វើប័ណ្ណក្រីក្រក្នុងសង្កាត់ផ្សារឆ្នាំង បាននិយាយតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែកក្កដា នេះថា៖ នៅក្នុងភូមិចុងកោះពេលនេះប្រជាពលរដ្ឋមានប័ណ្ណក្រីក្រចំនួន៧៩ គ្រួសារ ក្នុងនោះ៧៥គ្រួសារ ជាអ្នកមានប័ណ្ណក្រីក្រពីឆ្នាំចាស់  ចំណែក៤គ្រួសារទៀតបានសម្ភាសន៍ ផ្ដល់ប័ណ្ណក្រីក្រថ្មីនៅក្នុងឆ្នាំ២០២០ នេះ ។

ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថា ប្រជាពលរដ្ឋជាអ្នកមាន ចំនួន៣គ្រួសារ មានផ្ទះក្បឿងធំ មានឡានមានម៉ូតូជិះ បែជាបានប័ណ្ណក្រីក្រនោះ លោកស្រី បានបញ្ជាក់ថា៖ ការពិតគ្រួសារ១មានផ្ទះក្បឿងធំនោះ គឺជាផ្ទះរបស់ឪពុកគាត់ និងរស់ក្នុងបន្ទុកឪពុក ចំណែករថយន្តមួយគ្រឿងនោះ គឺជារថយន្តដែលប្អូនគាត់ទិញឲ្យជិះសំរាប់ដឹកអីវ៉ាន់លក់ដូរ មិនមែនជារថយន្តរបស់គាត់មានលុយទិញនោះទេ។

ចំណែកប្រជាពលរដ្ឋ១គ្រួសារទៀត មានផ្ទះធំៗគឺជាស្ត្រីមេម៉ាយដែលប្ដីទើបនឹងស្លាប់ មានផ្ទះធំមែនតែក្រអត់អីហូបទេ  និងគ្រួសារក្រីក្រ១ទៀត គឺជាគ្រួសារមនុស្សចាស់ឈឺក្រីក្រពិតមែន គឺគ្រួសារទាំង៣ខាងលើនេះ ជាសាច់ញាតិលោកអតីត អនុភូមិដែលគាត់បានធ្វើប័ណ្ណក្រីក្រអោយ តែពេលនេះលោកអនុភូមិនោះបានស្លាប់ទៅហើយ ។

ដូច្នេះចំពោះគ្រួសារទាំង៣ខាងលើនេះ ក្រុមប្រឹក្សាសង្កាត់ និងធ្វើការពិនិត្យសិក្សាឡើងវិញ ថាតើត្រូវដកឬត្រូវទុកប័ណ្ណក្រីក្រនោះអោយពួកគាត់ ។សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំងលោកស្រី កង  ឡង់ឌី ក៏បានបញ្ជាក់ផងដែរថា៖ ក្រោយពីមានប្រតិកម្មធ្វើការតវ៉ាពីប្រជាពលរដ្ឋទៅដល់ថ្នាក់លើ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា លោកស្រីនិង លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តអ្នកធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋក្រីក្រ  ក៏បានចុះមកធ្វើការស្រាវជ្រាវដោយផ្ទាល់នៅក្នុងភូមិចុងកោះ និងបានពិនិត្យឃើញថា មានប្រជាពលរដ្ឋប្រមាណ២០គ្រួសារ ពិតជាមានភាពក្រីក្រដែលនឹងតម្រូវឲ្យគាត់ស្នើសុំចុះឈ្មោះ ជាមួយលោកមេភូមិចុងកោះ ដើម្បីសម្ភាសន៍ ទទួលយកប័ណ្ណក្រីក្រទៅតាមប្រភេទដែលបានកំណត់ជាក់ស្តែង ។

លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ បានបញ្ជាក់ទៀតថា៖  កន្លងមកពេលក្រុមការងារសង្កាត់ចុះពិនិត្យប្រជាពលរដ្ឋក្រីក្រក្នុងភូមិ ពួកគាត់ខាងលើនេះ បានធ្វើចំណាកស្រុកទៅរកស៊ីឆ្ងាយៗ មិននៅក្នុងមូលដ្ឋានទេ ទើបក្រុមការងារមិនអាចហៅមកសម្ភាសន៍ ធ្វើប័ណ្ណក្រីក្រជូនពួកគាត់បាន ៕ធ.ដ

ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner