អភិបាលខេត្តបាត់ដំបងណែនាំក្រើនរំលឹកឲ្យរដ្ឋបាលក្រុង-ស្រុកនិងឃុំ-សង្កាត់ ត្រូវធានាឲ្យបានតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវា “កម្មវិធីផ្តល់ សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

  ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩ និង ប្រចាំឆមាសទី១ ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព និង ពិធីផ្តល់នូវប័ណ្ណសរសើរ និងលិខិតសរសើរ ជូនដល់រដ្ឋបាលឃុំ-សង្កាត់ចំណុះអោយរដ្ឋបាលក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតន: អភិបាល នៃ គណ:ឣភិបាល និងជាប្រធានគណៈបញ្ជាការឯកភាព នៃ រដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍ផ្តាំផ្ញើរនិងធ្វើការដាស់តឿននិងបានក្រើនរំលឹក ដល់គ្រប់គណៈឣភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ត្រូវតែយកចិត្តទុកដាក់និងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ “កម្មវិធីផ្តល់សាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។
 
       ការថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាសដែល
ឯកឧត្តមអភិបាលខេត្តបាត៎ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្តល់នូវប័ណ្ណសរសើរនិងលិខិតសរសើរ ជូនដល់រដ្ឋបាល ឃុំ-សង្កាត់ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ច និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងឆ្លើយតបបាននូវគោលការណ៍ទាំង៩ចំណុចបានល្អប្រសើរនៅក្នុងឆ្នាំកន្លងមក។

      តាមរយៈចលនាប្រឡងប្រណាំង ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលឃុំ សង្កាត់និងប៉ុស្តិ៍នគរបាលតដ្ឋបាលឃុំ-សង្កាត់ទាំង១០២ នៅក្នុងខេត្តបាត់ដំបង ដែលទទួលបាននូវ ប័ណ្ណសរសើរនិងលិខិតសរសើរក្នុងនោះ៖ចំណាត់ថ្នាក់លេខ១. ចំនួន៨១ឃុំ-សង្កាត់។ចំណាត់ថ្នាក់លេខ២. ចំនួន១៧ឃុំ-សង្កាត់។ និងចំណាត់ថ្នាក់លេខ៣. ចំនួន៤ឃុំ។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់ទៀតថាដើម្បីបង្កើននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក៏ដូចជាការឆ្លើយតបចំពោះបញ្ហាសន្តិសុខទូទៅនៅក្នុងមូលដ្ឋានខ្លួន គ្រប់អាជ្ញាធរ និងកងកម្លាំងនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំរួមគ្នាបន្តទៀត ដើម្បីជម្រុញដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងឆ្នាំ២០២០នេះ។

       ទាក់ទិននិង “កម្មវិធីផ្តល់សាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និង ងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងសង្កត់ធ្ងន់ ដោយបានណែនាំនិងធ្វើការក្រើនរំលឹកទៅដល់រដ្ឋបាលក្រុង-ស្រុកនិងឃុំ-សង្កាត់ ត្រូវតែធានាឲ្យបាននូវតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវា“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។
  
      ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានសង្កត់ធ្ងន់ទៀតថា៖ ការងារនេះគឺ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើអាជ្ញាធរមូលដ្ឋាន គឺ៖ទាំងមេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវតែធ្វើឲ្យបានច្បាស់លាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាន នូវតម្លាភាព និងសុច្ចរិតភាព ក្នុងការផ្តល់សេវា សម្រាប់”កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ” សូមអាជ្ញាធរមូលដ្ឋាននៅគ្រប់លំដាប់ថ្នាក់ជាពិសេស ដល់អ្នកដែលអនុវត្តផ្ទាល់ នៅតាមឃុំ-សង្កាត់ ត្រូវតែផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត។ ត្រូវចៀសវាងជាដាច់ខាតពីការឃុបឃិតគ្នាក្នុងការដាក់បញ្ចូលនូវសាច់ញាតិ បងប្អូន កូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភទាំងនេះនោះទេ៕ ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

  

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner