រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២
នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដើមី្បពិនិត្យពិភាក្សា និងអនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី៥៧ មានចំនួន០៥ចំណុច។
អង្គប្រជុំបានផ្តោតទៅលើចំណុចមួយចំនួន អំពីគម្រោងធ្វើផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទ អំពីរបបរាយការណ៍របាយការណ៍របស់មន្ទីរ-អង្គភាព បញ្ហាការងារចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ សំខាន់គំនូសចរាចរណ៍នៅតាមដងផ្លូវ និងភ្លើងស្តុប ព្រមទាំងបញ្ហារថយន្តដឹកដី ដឹកខ្សាច់ចូលក្រុង និងការដ្ឋានសំណង់ រួមទាំងភាពអាណាធិបតេយ្យ តូបលក់ដូរនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្ត និងផ្សាររាត្រីនៅតំបន់អង្គរឃ្យុងយូរ។
លោក ពិន ប្រាកដ ក៏បានធ្វើការបំភ្លឺផងដែរ ដល់សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏ដូចជាការក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ដោយគូសបញ្ជាក់ថា បញ្ហាការរំលោភដីចំណីផ្លូវនេះ អាជ្ញាធរខេត្តបានមានចំណាត់ការ និងវិធានការដល់អាជ្ញាធរក្រុង ធ្វើការអនុវត្តចំពោះសំណង់អាណាធិបតេយ្យ ដែលបានយកដីចំណីផ្លូវ និងដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ធ្វើឲ្យមានផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងសោភណ្ឌភាពក្រុងទៀតផង។
លោកក៏សំណូមពរឲ្យកម្លាំងសមត្ថកិច្ចនគរបាល និងកងកម្លាំងទាំងអស់ ធ្វើកិច្ចសហការគ្នាត្រួតពិនិត្យឡើងវិញ រាល់ការធ្វើចរាចរណ៍របស់រថយន្តធំៗ ចំពោះអ្នកបើកបររថយន្តទាំងនោះ ទៅលើបញ្ហាសារធាតុញៀនក្នុងខ្លួន ការដឹកជញ្ជូនដីធ្លាក់តាមដងផ្លូវ និងធ្វើឲ្យខូចផ្លូវ បាត់នូវសោភណ្ឌភាពក្រុង រួមទាំងគ្រប់គ្រងឲ្យបាននូវការដ្ឋានសំណង់ និងធ្វើការលុបបំបាត់ឲ្យខាងតែបាននូវចំណតរថយន្តអាណាធិបតេយ្យ និងការលក់ដូរនៅតាមចិញ្ជើមផ្លូវ កែងផ្លូវ ហើយកត្តាសំខាន់នោះចំពោះបងប្អូនលក់សាំងដបនៅតាមដងផ្លូវ ដែលងាយបង្កឲ្យមានកើតនូវហានីភ័យ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង ហឿន បានជំរុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង-ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត និងកែលម្អភាពអសកម្មនានា និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានានៃអភិបាលកិច្ចល្អ រួមមាន គណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ ការឆ្លើយតប និងប្រសិទ្ធភាព។
ឯកឧត្តមបានសង្កត់ធ្ងន់ចំពោះបណ្តាមន្ទីរ អង្គភាព ការផ្តល់របាយការណ៍មិនបានទាន់ពេលដល់រដ្ឋបាលខេត្ត សូមឲ្យធ្វើការកែប្រែជាបន្ទាន់ ត្រូវគោរពឲ្យបាននូវការកំណត់ របស់រដ្ឋបាលខេត្ត អំពីការផ្តល់របាយការណ៍ ខែ ត្រីមាស ឆមាស និង ឆ្នាំឲ្យបានទៀងទាត់។ ម៉្យាងទៀតកម្លាំងសមត្ថកិច្ច និងមន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តធុនធ្ងន់ ដូចជារថយន្តក្រុង រថយន្តដឹកដី និង កុងទីន័រ អំពីសារធាតុញៀន និងច្បាប់បើកបរជាដើម ក្នុងការកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ដោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ខិតចូលជិតមកដល់ហើយ៕ធ.ដ ដោយ៖ ម៉ី សុខារិទ្ធ