រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្វាគមន៍ការហោះហើរត្រង់ពីកម្ពុជា-ឥណ្ឌូនេស៊ី របស់ក្រុមហ៊ុន City link

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយនឹងឯកអគ្គរាជទូតឥណ្ឌូនេស៊ី ឯកឧត្តម Sudirman Haseng និងអគ្គនាយកក្រុមហ៊ុនហោះហើរ City Link ដែល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Guaruda របស់ឥណ្ឌូណេស៊ី ក្នុងការពិភាក្សានេះផ្ដោតសំខាន់ទៅលើ បញ្ហា៣ចំណុច គឺ៖
ទី១)ការពិភាក្សាសិទ្ធិដើម្បីជំរុញការហោះហើរត្រង់ ឥណ្ឌូនេស៊ីមកកម្ពុជា ក្នុងឆ្នាំនេះ ប៉ុន្តែ ពេលវេលាជាក់ស្ដែងណាមួយយើងមិនទាន់អាចកំណត់បាននៅឡើយទេ។
ទី២)ការរឹតចំណងមិត្តភាព លើកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នៃប្រទេសទាំងពីរដែលកំពុងអនុវត្តបានយ៉ាងល្អប្រសើរ ក្នុងនោះក៏ស្របទៅតាមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ដូចជា លំអានអរិយធម៌ ជំរុញកិច្ចសហប្រតិបត្តិការ លើក្របខណ្ឌអាស៊ាន ជាពិសេសក្របខណ្ឌ ត្រីភាគីរវាងកម្ពុជាឥណ្ឌូនេស៊ី ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដកស្រង់បទពិសោធន៍ទៅវិញទៅមក បញ្ជូន ការបណ្ដុះបណ្ដាល ធនធានមនុស្សទៅវិញទៅមក នៅក្នុងក្របខណ្ឌនៃការអភិវឌ្ឍវិស័យទេសចរណ៍។ ល។
ទី៣)ប្រទេសទាំងពីរ គ្រោងនឹងបង្កើតកម្មវិធីពិព័រណ៍បង្ហាញពីវិស័យទេសចរណ៍នានា រៀបចំព្រឹត្តការណ៍កីឡាកូនហ្គូលមិត្តភាព។ កិច្ចប្រជុំនេះគឺជាក៏បានអបអរខួបអនុស្សាវរីយ៍ លើកទី៦០ នៃទំនាក់ទំនងការទូតដ៏ល្អលើ វិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី។

ក្រៅពីចំនុចសំខាន់៣នេះ ឯកឧត្តម ថោង ខុន បញ្ជាក់ថា ការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឡើងវិញគឺជាក្តីស្រម៉ៃរបស់ឯកឧត្តមជាយូរមកហើយ បន្ទាប់ពីខកខានអស់ជិតកន្លះសតវត្សរ ហើយក៏ការហោះហើរនេះក៏ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការតភ្ជាប់ផ្ទៃក្នុងអាស៊ានផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា នឹងនាំមកនូវភ្ញៀវទេសចរច្រើនឡើងបន្ថែមទៀត ជាពិសេស ទេសចរឥណ្ឌូនេស៊ី ខណៈដែលបច្ចុប្បន្នមានត្រឹមតែជាង៥ម៉ឺននាក់តែប៉ុណ្ណោះក្នុងមួយឆ្នាំៗ។

ឯកឧត្តម Sudirman Haseng អគ្គរាជទូតឥណ្ឌូនេស៊ី បានបញ្ជាក់ថា កម្ពុជា-ឥណ្ឌូនេស៊ី ចាំបាច់ ត្រូវមានកិច្ចសហការនៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ដូច្នេះការបើកឲ្យមានការហោះហើរត្រង់ឡើង វិញ រវាងប្រទេសទាំងពីរ គឺជារឿងចាំបាច់។

គួររំលឹកថា កម្ពុជា-ឥណ្ឌូនេស៊ី នឹងប្រារព្ធខួបលើកទី៦០ នៃការតភ្ជាប់ទំនាក់ទំនងការទូត ជាមួយគ្នា ហើយថាការសម្រេចឲ្យមានការហោះហើរត្រង់ នាពេលខាងមុខនេះ ក៏គឺជាការអនុវត្តជាក់ ស្តែងនូវបំណងប្រាថ្នារបស់ អនុប្រធានាធិបតីឥណ្ឌូនេសុី និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបថ្មីៗនេះ កាលពីថ្ងៃទី១៦ មករា ២០១៩ នៅខេត្តសៀមរាប៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner