នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធបទល្មើស៤ផ្សេងគ្នា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា មានជនសង្ស័យចំនួន៥នាក់ត្រូវបាននគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានរបស់លោកបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសចំនួន៤ករណីផ្សេងគ្នា រួមមាន ៖
ករណីទី១ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) នៅចំណុចក្នុងបរិវេណហាងម្លប់ស្បូវមានលាភ ក្រុម៧ ផ្លូវ១០៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០១នាក់ ។
ជនសង្ស័យរូបនេះមានឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០០៧Z ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរម្ចាស់ហាងម្លប់ស្បូវមានលាភ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារៈខូចខាត ៖រថយន្តកាមេរីបាឡែន ផលិតឆ្នាំ២០០២ ពណ៌ស បែកកញ្ចក់ផ្នែកខាងមុខ និងសម្ភារៈបន្សល់ទុក ៖ អំបែងដុំឥដ្ឋប្រហោង០២ដុំ អំបែងដុំថ្ម០៣ដុំ និងអំបែងចាន០៤ដុំ ។
ករណីទី២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីហឹង្សាលើកុមារអាយុ០៤ឆ្នាំ (ប្រើអំបោសខ្សែក្រវ៉ាត់ និងជើងវាយធាក់បណ្តាឲ្យរបួស និងបាក់ឆ្អឹងដងកាំបិតខាងស្តាំ) នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០១នាក់ ។
ជនសង្ស័យម្នាក់នេះមាន ឈ្មោះ ប៉ែន ចាន់ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ ហ៊េល ទេវា ភេទប្រុស អាយុ០៤ឆ្នាំ(០៦-០៦-២០១៤) ស្នាក់នៅក្នុងបន្ទុកជាមួយជនសង្ស័យខាងលើ (រងរបួសបាក់ឆ្អឹងដងកាំបិតខាងស្តាំ និងរបួសលើដងខ្លួននិងត្រូវជាក្មួយ) ។
ករណីទី៣ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន០២នាក់រួមមាន ៖
១-ឈ្មោះ គីម លីហួរ ភេទប្រុស អាយុ១៧ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
២-ឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ៣១ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈដកហូត ៖ក្រាមសថ្លា០២កូនថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ គ្មានស្លាកលេខ ។
ករណីទី៤ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឆឹង វិបុល ភេទប្រុស អាយុ៤៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ជនអាណាថា) ។ សម្ភារៈដកហូត ៖គ្មាន ។
បើយោងតាមរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីនាពេលក្រោយបន្តទៀត៕