លោក ដូណាល់ ត្រាំ និងលោក ម៉ៃ ផែន ធ្វើទស្សនកិច្ចទៅកាន់ស្តូបរំឭកវិញ្ញាណក្ខន្ធរបស់មេដឹកនាំសិទ្ធិពលរដ្ឋនៅថ្ងៃបុណ្យជាតិរបស់សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផែន បានធ្វើទស្សនកិច្ចនៅស្តូបរំឭកវិញ្ញាណក្ខន្ធលោក Martin Luther King, Jr នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីដាក់កម្រផ្កា និងសម្តែងការគោរពវិញ្ញាណក្ខន្ធរបស់មេដឹកនាំសិទ្ធិពលរដ្ឋរូបនេះ ដែលជាថ្ងៃបុណ្យជាតិរបស់សហរដ្ឋអាម៉េរិក។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននាឱកាសនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់មួយ។ ក៏ប៉ុន្តែលោកមិនបានឆ្លើយនឹងសំណួរអំពីការបិទទ្វាររដ្ឋាភិបាលនោះទេ។ ការបិទទ្វារនេះស្ទើរតែបណ្តាលឲ្យលុបចោលពិធីគោរពខួបលោក Martin Luther King ដែលត្រូវរៀបចំឡើងនៅឯវិហារគ្រិស្តសាសនានៅទីក្រុងអាត្លង់តា។
វិហារនេះគឺជាផ្នែកមួយនៃឧទ្យានជាតិប្រវត្តិសាស្ត្រ Martin Luther King និងត្រូវបានបិទទ្វារដោយសារការបិទទ្វាររដ្ឋាភិបាល។ ពិធីគោរពខួបប្រចាំឆ្នាំនេះ ស្ថិតក្នុងភាពស្រពេចស្រពិល រហូតដល់ពេលដែលក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលមានទីស្នាក់ការធំនៅទីក្រុងអាត្លង់តា ផ្តល់ថវិកាដើម្បីឲ្យសេវាកម្មឧទ្យានជាតិនេះ បើកទ្វារឡើងវិញ។
ជាមួយគ្នានេះ លោកស្រី Bernice King ដែលជាកូនស្រីរបស់លោក Martin Luther King បានថ្លែងនៅឯពិធីគោរពខួបឪពុករបស់លោកស្រី នៅថ្ងៃច័ន្ទនេះថា រដ្ឋធានីវ៉ាស៊ីនតោនស្ថិតក្នុងវិបត្តិ ហើយថា មនុស្សជាតិរបស់យើងកំពុងបែកបាក់ជាពីរក្រុម និងកំពុងក្លាយជាសហរដ្ឋអាម៉េរិកដែលមានការបែកបាក់៕