តេជោសែន អញ្ជើ់ញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅសៀមរាបសប្តាហ៍ក្រោយ
កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នឹងបើកកិច្ចប្រជុំជាលើកដំបូង នៅលើទឹកដីអង្គរខេត្តសៀមរាបនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩ ដែលនឹងមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អនុប្រធានគណៈកម្មការផ្សព្វផ្សាយនិងសារព័ត៌មាននៃក្រុមប្រឹក្សាវប្បធម៌អាស៊ីលោកឯកថា បាន ថ្លែង ថាព្រឹត្តិការណ៍ដ៏មានសារៈ សំខាន់នោះ នឹងមានការអញ្ជើញចូលរួមពីគណៈប្រតិភូប្រទេសជាសមាជិករបស់ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី អាយកាប់ ប្រមាណ ៣០០រូប។ ពិធីដែលនឹងមកដល់នាសប្តាហ៍ក្រោយនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់សំខាន់ៗ រួមមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ពីបណ្តាប្រទេសក្នុងតំបន់ និងឥស្សរជនដទៃទៀតជាសមាជិករបស់ អាយកាប់។ ព្រឹត្តិការណ៍នោះ ក៏នឹងមានសិល្បករ សិល្បៈការិនីល្បីៗ មកពីជាង ១០ប្រទេស សម្តែងសិល្បៈ ដើម្បីស្វាគមន៍ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានការិយាល័យនៅកម្ពុជាផងដែរ។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានប្តូរឈ្មោះមកពីក្រុមប្រឹក្សាវប្បធម៌ អាយកាប់ នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ អាយកាប់ កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាល ភាពនៃការងារ ឲ្យកាន់ តែទូលំទូលាយ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅក្នុងប្រទេស កម្ពុជា ហើយសម្រេចជ្រើសរើសសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស …លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេស កម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រ សម្រាប់ អាយកាប់ និងបណ្តា គណបក្សនយោបាយនៅអាស៊ី។