សមត្ថកិច្ចខណ្ឌពោធិ៍ជ័យបង្ហាញមុខក្រុមប្លន់ប្រដាប់អាវុធបានចំនួន៤នាក់ មុនបញ្ជូនទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យប្លន់ប្រដាប់អាវុធចំនួន៤នាក់ ដែលបានកាប់ប្លន់ជនជាតិចិនយកលុយបានចំនួន៩០០ដុល្លារ និងសម្ភារមួយចំនួនធំ កាលពីកាលពីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៨ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ មុននឹងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ លោក យឹម សារ៉ាន់ អធិការខណ្ឌបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោយពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។

លោកអធិការបានបន្តថា ជនសង្ស័យទី១)ឈ្មោះ ថុន វ៉ាន់ហៅបិប អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រកដ ទី២)ឈ្មោះ ម៊ំ ម៉េងលី អាយុ១៩ឆ្នាំ ទី៣)ឈ្មោះ សំបាត់ បូរិន អាយុ១៨ឆ្នាំ និងទី៤)ឈ្មោះ អាន មេសា អាយុ២០ឆ្នាំ។ ចំណែកឯជនរងគ្រោះឈ្មោះ ចៀន ហ៊ាន់ហ្វឹង អាយុ៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សតម្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួនក្រុមជនសង្ស័យ គឺ នៅវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៨ ជនរងគ្រោះបានជិះរ៉ឺម៉កម៉ូតូមកពីលក់ស្បែកជើងត្រឡប់មកផ្ទះជួលវិញ ស្ថិតនៅទីតាំងភូមិចាក់ជ្រូក សង្កាត់សម្រោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ មកដល់ចំណុចកើតហេតុខាងលើ មុខស្ថានីយ៍ចាក់ប្រេង លីម ឡុង ស្រាប់តែលេចមុខជនសង្ស័យមានគ្នាចំនួន៥នាក់ បានធ្វើការកាប់ប្លន់ទៅលើជនរងគ្រោះជាច្រើនកាំបិត ដោយប្លន់បានកាបូបស្ពាយ១ មានលុយ៩០០ដុល្លារអាម៉េរិក ទូរសព្ទ២គ្រឿង និងរបស់របរមួយចំនួនទៀតផងដែរ។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ទៀតថា ជនសង្ស័យ២នាក់ឈ្មោះ សំបាត់ បូរិន និង អាន មេសា បន្ទាប់ពីប្លន់ជនរងគ្រោះហើយ បានមកធ្វើសកម្មភាពឆក់រាប់ភ្លេចជាមួយក្រុមបក្ខពួក៨ផ្សេងទៀតដែលកម្លាំងឃាត់ខ្លួនបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ បច្ចុប្បន្នជនសង្ស័យទាំង៤ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយឡែកបក្ខពួកដែលនៅសេសសល់ម្នាក់នោះកម្លាំងកំពុងស្រាវជ្រាវបន្តចាប់ខ្លួន៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner