រាជរដ្ឋាភិបាលសម្រេចយកដីបឹងតាមោក ២០ហិកតាធ្វើជាផ្សារចែកចាយបន្លែ និងចំណតរថយន្តក្រុង ចំណែកអភិបាលរាជធានី អះ​អាង​ថា ការកាត់​ដី​«បឹង​តាមោក» គឺ ដើម្បី​ដោះ​ស្រាយ​បញ្ហា​​សណ្ដាប់ធ្នាប់ចរាចរណ៍

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកដីបឹងតាមោកស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត។ ជាពិសេសកន្លែងចែកចាយបន្លែនៅផ្សារដើមគរនឹងរើទៅផ្សារថ្មីនេះ។ ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់ផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងធ្វើចំណតរថយន្តនៅលើផ្ទៃដីបឹងតាមោកនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតាំងពីអំឡុងខែមិថុនាឆ្នាំ២០១៨មកម្ល៉េះ តែដំណឹងពីការសាងសង់ទើបនឹងបែកធ្លាយនៅពេលថ្មីៗនេះ។  អភិបាល​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាន​ឲ្យ​ដឹង​ថា សាលា​រាជ​ធានី​ភ្នំពេញ បាន​ស្នើ​សុំ​កាត់​ដី​​ទំហំ ២០​ហិកតា​ពី​បឹងតាមោក ដែល​ជា​បឹង​រក្សា​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ពី​រាជ​ធានី​ភ្នំពេញ​នោះ សម្រាប់​សង់​ផ្សារ និង​ចំណត​រថយន្ត គឺ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សណ្ដាប់​ធ្នាប់​ចរាចរណ៍ ខណៈ​មានប្រជាពលរដ្ឋជាច្រើនកំពុងលក់បន្លែ និង ធ្វើអាជីវកម្មនៅលើផ្លូវ​នៅ​ផ្សារ​ដើម​គរ​​សព្វ​ថ្ងៃ​នេះមានចំនួនកាន់តែច្រើន។

ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបង្កើតផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងចំណតរថយន្តនៅបឹងតាមោកនេះ ទទួលបានចំណារដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកលាពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨។ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានធ្វើសំណើមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំដីនៅបឹងតាមោកចំនួន ២០ហិកតា ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត។  ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនក្រសួងដែនដី បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន២០ហិកតា នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ»

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោក​​​ជាសម្បតិ្តរបស់រដ្ឋដែលមានផ្ទៃដីសរុប​ប្រមាណ ៣២៣៩ហិកតា សម្រាប់​ស្តុក​ទឹកកខ្វក់ និង​រំដោះ​ទឹក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ។ បឹង​ធំៗ​ចំនួន ៤ មាន​​បឹង​ពោងពាយ បឹងកក់ បឹង​ទំពុន និង​បឹង​ជើងឯក ដែលនៅក្នុងនិង​ជាយ​រាជធានី​ភ្នំពេញ  គឺត្រូវបានរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ​សម្រាប់​ធ្វើជា​តំបន់​ពាណិជ្ជកម្ម និង​ទីក្រុង​រណប​ជាដើម៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner