សម្តេចក្រឡាហោម ស ខេង មិនខ្វល់បណ្តឹងលោកសម រង្ស៊ី ដែលប្តឹងទៅសហភាពអឺរ៉ុប(EU) អោយដាក់ទណ្ឌកម្មកាន់តែខ្លាំងមកកម្ពុជា
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា សម្តេចមិនចាប់អារម្មណ៍ចំពោះពាក្យបណ្តឹងរបស់លោក សម រង្សី ដែលប្តឹងទៅសហភាពអឺរ៉ុប(EU) ឲ្យដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះលោក សម រង្ស៊ី មិនដែលធ្វើអ្វីដើម្បីផលប្រយោជន៍ជាតិទេ គឺគិតតែពីការរកវិធីសាស្រ្តមកបំផ្លាញកម្ពុជាប៉ុណ្ណោះ។
ក្នុងឱកាសចូលរួមបិទសិក្ខាសាលាជាតិស្ដីអំពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេច ស ខេង បានថ្លែងថា “ខ្ញុំមិនចង់ឆ្លើយតបអ្វីទេនោះ ជារឿងរបស់គាត់(សម រង្ស៊ី) គាត់អត់គិតពីផលប្រយោជន៍ជាតិទេ គាត់ធ្វើតាមអំពើចិត្តរបស់គាត់ អាហ្នឹងរឿងរបស់គាត់ទេ”។ សម្តេចបន្តថា បច្ចុប្បន្ននេះ ទាំងរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ បាននិងកំពុងគិតគូរកវិធានការណ៍ដើម្បីឲ្យជាតិមានសុខសន្តិភាព និងការអភិវឌ្ឍតែប៉ុណ្ណោះ បម្រើពលរដ្ឋអំពីសេវាសាធារណៈ និងខិតខំពង្រឹងលទ្ធិប្រជាធិបតេយ្យ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា សម្តេចមិនចាប់អារម្មណ៍លើលោក សម រង្ស៊ី ទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ធ្នូ ២០១៨ លោក សម រង្ស៊ីបា នបង្ហាញក្នុងហ្វេសប៊ុកថា “បានដាក់ពាក្យបណ្តឹងទៅសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មកាន់តែខ្លាំង និងកាន់តែឆាប់ មកលើរបបសម្តេច ហ៊ុន សែន បើអាជ្ញាធរស្រុកខ្មែរនៅតែគំរាមកំហែង មន្ត្រីជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនឲ្យបង្ហោះវីដេអូ ដែលក្នុងនោះ មន្ត្រីជាប់ឆ្នោត និងសកម្មជនទាំងនោះ គាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងគាំទ្រពាក្យស្លោក សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ” ។ សារគំរាមប្តឹងរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ីនេះ ដើម្បីឲ្យអន្តរជាតិដាក់សម្ពាធមកកម្ពុជានេះ មិនមែនជាលើកដំបូងនោះទេ គឺមានច្រើនលើកមកហើយ៕