គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកប្រជុំពិនិត្យលទ្ធភាពបញ្ចុះថ្លៃលក់ទឹកស្អាត ជូនប្រជាពលរដ្ឋ
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើកប្រជុំពិនិត្យលទ្ធភាពបញ្ចុះថ្លៃលក់ទឹកស្អាត ជូនប្រជាពលរដ្ឋ និងពិនិត្យសេចក្តីព្រាងយុទ្ធសាស្រ្ត ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូឆ្នាំ២០១៩-២០២៣ កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ រួមមាន៖
១. ពិនិត្យរៀបចំគោលការណ៍កំណត់ថ្លៃលក់ទឹកស្អាតតាមបំពង់ របស់សហគ្រាសរដ្ឋ និង ឯកជន៖
ស្របគ្នានឹងការបញ្ចុះថ្លៃអគ្គិសនី, ដើម្បីជួយសម្រួលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង, រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់បន្ថែមទៅក្នុងការពិនិត្យលទ្ធភាពបញ្ចុះថ្លៃលក់ទឹកស្អាត ជូនប្រជា-ពលរដ្ឋ ដូចដែលបានដាក់ចេញនៅក្នុងកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦ ដោយត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជន ឱ្យបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០% នៅត្រឹមឆ្នាំ ២០២៥ ដោយឈរលើបុរេលក្ខខណ្ឌបួន គឺ៖ ទឹកត្រូវមានគុណ, សុវត្ថិភាព, និរន្តភាព និង តម្លៃសមរម្យ ។
នាពេលបច្ចុប្បន្ន, វិស័យផលិត និងផ្គត់ផ្គង់ទឹកស្អាត ត្រូវបានដំណើរការ និងគ្រប់គ្រងដោយសហគ្រាសសាធារណៈ និងឯកជន សរុបចំនួន ២៦៩ ក្នុងនោះ អង្គភាពរដ្ឋាករទឹកសាធារណៈមាន ១៣ (ថ្នាក់ខេត្ត-ក្រុង មាន ១១ និងថ្នាក់ស្រុកមាន ២) និងប្រតិបត្តិករឯកជនមាន ២៥៦ (ថ្នាក់ខេត្ត-ក្រុង មាន ១៤ និង ទីប្រជុំជន ២៤២) ។ ការផ្គត់ផ្គង់ទឹកស្អាតមានលក្ខណៈមិនដូចនឹងការផ្គត់ផ្គង់អគ្គិសនីដែលការផលិតមានលក្ខណៈប្រមូលផ្តុំ ហើយដែលការតភ្ជាប់អគ្គិសនីទៅតាមតំបន់ជបបទ (ភូមិ/ឃុំ) មានភាពងាយស្រួយជាង ។ ចំណែកឯការតភ្ជាប់ និងការបញ្ជូនទឹកស្អាតទៅតំបន់ឆ្ងាយៗ នៅជួបការលំបាកច្រើន ដែលទាមទារទុនវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ដ៏ច្រើន ។ ពាក់ព័ន្ធនឹងបញ្ហាថ្លៃទឹកស្អាតនេះ អង្គប្រជុំបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានគិតគូថ្លឹងថ្លែងគ្រប់ទិដ្ឋភាព ក្នុងគោលបំណងធ្វើយ៉ាងឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពកម្រិតមធ្យម និងទាប ទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃមួយសមរម្យអាចទទួលយកបាន តាមរយៈការរិះរកវិធានការកាត់បន្ថយចំណាយថ្លៃដើមនៃការផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់ប្រតិបត្តិករទឹកស្អាតទាំងអស់ ទាំងសហគ្រាសសាធារណៈ និងឯកជន ក្នុងនោះ, អង្គប្រជុំ បានពិនិត្យលទ្ធភាពមួយចំនួនសំខាន់ៗ រួមមាន វិធានការគាំទ្រផ្នែកសារពើពន្ធ, លទ្ធភាពជួយឧបត្ថម្ភធនរបស់រដ្ឋ, ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និង វិធានការរួមផ្សំដទៃផ្សេងទៀត ។
២. សេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូឆ្នាំ ២០១៩-២០២៣៖
អង្គអង្គប្រជុំបានបន្តពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូឆ្នាំ ២០១៩-២០២៣” ដែលរៀបចំឡើងដោយគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (គជនា/កអក) ។ អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់ នៃយុទ្ធសាស្រ្តនេះ ដែលមានគោលដៅចម្បង គឺការបន្តកៀរគរ, គ្រប់គ្រង និងលើកកម្ពស់ស័ក្តិសិទ្ធភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តគោលដៅអាទិភាពជាតិដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ។ ដើម្បីសម្រេចគោលដៅនេះ, យុទ្ធសាស្រ្តបានរៀបចំគោលការណ៍, យន្តការ និងឧបករណ៍មួយចំនួន ក៏ដូចជា ក្របខណ្ឌលទ្ធផលសម្រាប់តាមដានការអនុវត្ត ក្នុងបរិការណ៍នៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មក្នុងប្រទេស និងសកល ។
“សេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ ២០១៩-២០២៣” ត្រូវបានពិភាក្សា ជាមួយក្រសួង-ស្ថាប័ន, ដៃគូអភិឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល យ៉ាងទូលំទូលាយរួចហើយ មុននឹងយកមកដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ នាពេលនេះ ។ បន្ថែមលើនេះ, អង្គប្រជុំបានពិភាក្សាលើចំណុចមួយចំនួន ក៏ដូចជាការឆ្លើយបំភ្លឺបន្ថែមពីក្រសួង-ស្ថាប័នសាមី ដែលធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុននឹងរាជរដ្ឋាភិបាលអនុម័ត ដាក់ឱ្យអនុវត្តនាពេលខាងមុខនេះ ៕