ចិនទាមទារឲ្យកាណាដាដោះលែងកូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់
ចិន៖ ស្ថានទូតចិនប្រចាំកាណាដាបានអំពាវនាវយ៉ាងទទូចឱ្យអាជ្ញាធរកាណាដា ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃ លោកស្រី ម៉េង វ៉ានចូវ ជាបន្ទាន់ បន្ទាប់ពីកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ កាលពីដើមខែធ្នូកន្លងទៅ ពីបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។
លោកស្រី ម៉េង វ៉ានចូវ ដែលជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន ហូវ៉ៃ គឺលោក រិន ចេងហ្វៃ ផងដែរនោះ ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ ពីបទសង្ស័យថា លោកស្រីបានរំលោភបំពានលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានោះដែរ អនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃរូបនេះ ត្រូវបានគេរំពឹងថា អាចនឹងត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីប្រឈមមុខរឿងក្តីចោទប្រកាន់នេះ៕